រាជធានី​ភ្នំពេញ ៖ នា​រសៀល​ទី​១៣ សីហា ២០១៩​នេះ លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ក្មួយ​ប្រុស​ឈ្មោះ អ៊ី​ស្មា​អែ​ល​ ពិន​ឧស្ម័ន សម្រេច​ដាក់​ពន្ធនាគារ​ម្នាក់​១៥​ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល ពី​បទ​ការ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​ការ​ឆ្លង​ដែន តាម​មាត្រា​១១ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៤ ។

តុលាការ​បាន​អនុវត្ត​តាម​មាត្រា​៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​បាន​សម្រេច​បញ្ជូន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ភ្លាម​ៗ​ផង​ដែរ ក្រោយ​ពេល​លោក​បាន​ចូលរួម​សវនាការ ដោយតុលាការ​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​នគរបាល​ចាប់ខ្លួន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ភ្លាម​ៗ តែ​ម្តង​នៅ​ក្នុង​បរិ​វេន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​ក្មួយ​ប្រុស ត្រូវ​បាន​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ស្ត្រី ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​កន្លង​មកលោក​បដិសេធ​ថា នោះ​គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ដើម្បី​ចាប់ខ្លួន​លោក​ប៉ុណ្ណោះ ។

សូម​រម្លឹក​ថា ក្មួយបង្កើតលោក អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវ​បាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើការ​ខុសច្បាប់ នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ហើយ​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ ។

មន្ដ្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែ​ល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម មុខរបរ​ធ្វើ​ស្លាក​លេខ​រថយន្ត ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​លេខ​៣៦H ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។

មន្ដ្រី​នគរបាល​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ខាងលើ​បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់​ខ្លួន ត្រូវការ​ជ្រើសរើស​ពល​ការិនី​បញ្ជូន ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ប្រាក់​ឈ្នួល​២២០​ដុល្លារ​អា​មេ​រិច កិច្ចសន្យាការងារ​រយៈពេល​២​ឆ្នាំ ចំពោះ​ឯកសារ​បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើ​ដំណើរ ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នក​ចំណាយ​ ។

បន្ទាប់​មក​បាន​អូស​ទាញ​ពលរដ្ឋ​ក្នុងភូមិ​២​នាក់ ក្រោយមក​បាន​ចំនួន​២០​នាក់​ទៀត ហើយ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ពេល​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក្លែង​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ។

នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ជន​រង​គ្រោះ​ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធ​សេរីភាព ហើយ​ត្រូវ​បាន​គេ​លក់​ទៅ​ថៅកែ​ជា​ម្ចាស់​ទី​១ ទៅ​ថៅកែ​ទី​២ ក្នុង​តម្លៃ​២០,០០០​ដុល្លារ ឲ្យ​ធ្វើ​ការងារ​ផ្ទះ ហើយ​រង​ការ​រំលោភ​ផ្លូវភេទ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​តាំងពី​ពេល​បញ្ជូន​ទៅ រហូត​ដល់​អំឡុង​ខែសីហា ឆ្នាំ​២០១៧​ ។

មន្ដ្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បន្ថែម​ថា ជន​រង​គ្រោះ​ទាំងអស់​ទើបតែ​សង្គ្រោះ​បាន​ចំនួន​២​នាក់​ប៉ុណ្ណោះ ដោយ​មានការ​អន្តរាគមន៍​ពី លោក អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្គ្រោះ​មក​កម្ពុជា​វិញ​ ។

សូម​ជម្រាប​ថា ជនសង្ស័យ អ៊ី​ស្មា​អែ​ល ពិន​ឧស្ម័ន ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់ខ្លួន​តាម​ពាក្យបណ្តឹង របស់​ម្តាយ​ជន​រង​គ្រោះ ហើយ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​ នេះ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធា​ភ្នំពេញ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ ៕