ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រា បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ មួយគ្រឿង បុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវប៉ើង ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៧ ត្រង់ចំណុចមុខផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


មុនពេលកើតហេតុ គេឃើញបុរសជាមន្ត្រីយោធាម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តម៉ាក ISUZU ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 .2.2599 ធ្វើដំណើរពីជើងទៅត្បូង លឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករទេះម៉ូតូលក់សាច់អាំង កំពុងឈប់អែបចិញ្ចើមផ្លូវទាំងកម្រោលពេញទំហឹង ប៉ើងទៅបុកផ្ទាប់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់រទេះម៉ូតូលក់សាច់អាំងរងរបួសធ្ងន់ ។

ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ទាំងបែកកង់មុខខាងស្ដាំ តាមបណ្ដោយផ្លូវ១៩៨៦ រហូតរថយន្តទៅមុខលែងរួច អ្នកបើកបររថយន្តបង្កបានបើកទ្វារចុះ ហើយឡើងជិះរថយន្តបក្ខពួកខ្លួនមួយគ្រឿងទៀតចេញទៅបាត់ បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែង។ ចំណែកម្ចាស់រទេះម៉ូតូលក់សាច់អាំងដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែង ស្ទូចរថយន្តបង្ក និងរទេះលក់សាច់អាំង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕