រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ បាន​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ឈ្មោះ សេក សុខ​ជា មក​កាន់​សាលាដំបូង​រាជធានី​ឋ​ភ្នំពេញ ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ក្នុង​ករណី​បុគ្គល​រូប​នេះ បាន​ប្រើ​ល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ​ថា ខ្លួន​បាន​ស្គាល់​អ្នកធំ​នៅ​តាម​បណ្តា​ក្រសួង​មន្ទីរ​នានា ហើយ​លួងលោម​ឲ្យ​ក្រុម​ជន​រង​គ្រោះ​ជឿ​ទុកចិត្ត ទើប​ពួក​គាត់​បាន​ប្រគល់​លុយ​ឲ្យ​ជា​បន្ដបន្ទាប់​ទាំងអស់ ប្រមាណ​៣៧៨,៥០០​ដុល្លារ ។

មន្ត្រី​សមត្ថកិច្ច បញ្ជាក់​ថា ដើមចម​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេក សុខ​ជា ដោយសារ​ជន​នេះ​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ ទៅ​ដើរ​បោកប្រាស់​គេ​ប្រជាពលរដ្ឋ ដើម្បី​រត់ការ​ចូល​បម្រើ​ការ​នៅ​តាម​ក្រសួង​មួយ​ចំនួន យក​អស់ប្រាក់​ប្រមាណ​៣៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ រហូត​ដើ់​មាន​ពាក្យបណ្តឹង​ពី​ជ​ណ​រង​គ្រោះ​ទើប​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩​កន្លង​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ជា​មន្ត្រី​យោធា​ជើង​អាកាស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ម្សិលមិញ ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​ជាង ១២ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពី​ជន​រង​គ្រោះជា​ថ្នូរ​នឹង​ការ​សន្យា​ជួយ​ឱ្យ​មាន​តួនាទី​ជា​មន្ត្រី​យោធា​ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ចុះ​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ដោយ​លោក ខៀវ ផល្លា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ករណី​ឆបោក​លុយ​ជាង ១២ ម៉ឺន​ដុល្លារ មានឈ្មោះ ម៉ី ផានិត អាយុ ៤៤ ឆ្នាំ មាន​តួនាទី​ជា​ជំនួយការ​សម្ភារ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស មាន​លំនៅ​ផ្ទះ​លេខ ១០៣ ផ្លូវ​លេខ ៣ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដីកា​ដដែល​នោះ បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​រូប​នេះ ចូលខ្លួន​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៥ ខែ សីហា ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​ឈ្មោះ សែ​ម ស៊ី​ថា ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ពី​បទ​ឆបោក​ ៕