ខេត្តកណ្តាល៖ នារីជាអ្នកបកប្រែភាសាចិន ត្រូវបុរសចិនកំណាចចាប់បង្ខាំងនៅក្នុងបន្ទប់ធ្វើទារុណកម្មវាយដំរងរបួសជាំពេញរាងកាយយ៉ាងធ្ងន់ធ្ងរ រួចយកទឹកសាប៊ូច្រកមាត់ឲ្យនារីរងគ្រោះផឹកទៀត ។
ករណីអំពើហិង្សាដ៏សាហាវជួជាតិនេះ បានកើតឡើង តាំងពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។

នារីរងគ្រោះដែលត្រូវជនជាតិចិនចាប់ធ្វើទារុណកម្មជិតស្លាប់នេះ មានឈ្មោះឡេវ គឹមស៊ាង អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរអ្នកបកប្រែចិន នៅការដ្ឋានសំណង់ភូមិព្រែកស៊ឹង ។ ចំណែក ជនដៃដល់មានឈ្មោះចាង ឈិនលាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ មេការសំណង់ ។


សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ គឺជាអ្នកបកប្រែភាសារខ្មែរ-ចិន ធ្វើការនៅក្នុងក្រុមហ៊ុនជាមួយជនសង្ស័យដែលជាជនជាតិចិន ។ នៅមុនពេលកើតហេតុខាងលើជនសង្ស័យបានទូរស័ព្ទហៅនារីរងគ្រោះឲ្យមកបន្ទប់ស្នាក់នៅរបស់ខ្លួន រួចបានឲ្យនារីរងគ្រោះចូលក្នុងបន្ទប់ និងបានចាក់គន្លឹះចាក់សោទ្វារ ដោយនៅក្នុងបន្ទប់នោះមានជនសង្ស័យ និង បុរសជនជាតិចិន២នាក់ រួមនិងអ្នកបកប្រែខ្មែរម្នាក់ទៀត ។

ភ្លាមនោះជនសង្ស័យបានយកកាំបិតប៉័ងតោចំនួន២ កាប់ទៅលើបុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួស ។
ប្រភពបន្តថា ពេលនោះ ជនដៃដល់មិនទាន់អស់កំហឹងឡើយ ដោយបានមកវាយទាត់ ធាក់ និងដាល់នារីរងគ្រោះគ្មានញញើតដៃដូចបាវសាក់ បណ្ដាលឲ្យរងរបួសពេញជាំផ្ទៃមុខ និងដងខ្លួន រួចជនសង្ស័យបានយកដែកវាយក្បាល និង បានយកសាប៊ូចាក់បញ្ច្រក់ឲ្យនារីរងគ្រោះផឹក តែនារីរងគ្រោះបិទមាត់មិនព្រមផឹក ។

លុះក្រោយមកប្អូនជីដូនមួយជនរងគ្រោះដែលធ្វើការនៅទីនោះមកឃើញ ក៏បានប្រាប់ទៅក្រុមគ្រួសារ ពេលទទួលបានដំណឹងដូចនេះ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានមកដល់ធាក់ទ្វារចូលជួយសង្គ្រោះ និងបាននាំនារីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ លុះនៅព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល ពេលនារីរងគ្រោះត្រឡប់ពីមន្ទីរពេទ្យវិញ ក៏ដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសំពៅពូន ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាង ឈិនលាន បាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕