ខេត្តកំពង់ឆ្នាំង៖ បុរសជនជាតិវៀតណាមម្នាក់ទៅតាមទាន់ប្រពន្ធនៅផ្ទះជាមួយប្រុសសហាយ ត្រូវបានជនដៃដល់ជាប្រុសសហាយរបស់ប្រពន្ធ ២នាក់បងប្អូនទាញដំបងដែកវាយបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០១៩ នៅចំណុចផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិចុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះឡេ យ៉ាំងជី ភេទប្រុស អាយុ៣១ឆ្នាំ ។ ឯប្រពន្ធឈ្មោះង្វៀង ធីកុក អាយុ២៦ឆ្នាំ មានមុខរបរនេសាទ រស់នៅក្នុងភូមិសង្កាត់ខាងលើ។ ដោយឡែកជនដៃដល់២នាក់បងប្អូនឈ្មោះលីន និងឈ្មោះយឿង ជនជាតិវៀតណាម រស់នៅក្នុងផ្ទះបណ្តែតទឹក ក្នុងភូមិសង្កាត់ជាមួយគ្នា។


មុនពេលកើតហេតុ ជនរងគ្រោះមកពីរាយសន្ទូចវិញ រកប្រពន្ធមិនឃើញ ក៍សួរអ្នកជិតខាង ទើបដឹងថាប្រពន្ធខ្លួនទៅនៅផ្ទះរបស់ប្រុសសាហាយ ខ្លួនក៏បានទៅហៅប្រពន្ធឱ្យមកផ្ទះវិញ ទើបឈានដល់ការឈ្លោះប្រកែកគ្នាជាមួយប្រុសសាហាយនោះចុះឡើងមួយសន្ទុះ ជនដៃដល់ពីនាក់បងប្អូនបានព្រួតគ្នាយកដំបងដែក មកវាយជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង ហូរឈាម និងកជើងខាងឆ្វេងចេញឈាម បណ្ដាលឲ្យធ្លាក់ទឹក តែត្រូវបានអ្នកជិតខាងជួយយកឡើងលើគោក និងដឹកយកទៅពេទ្យព្យាបាលភ្លាមៗ ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុសិ៍តរដ្ឋបាលផ្សារឆ្នាំង និងនគរបាលប៉ុសិ៍តរដ្ឋបាលខ្សាម សហការគ្នាជិះទូកឆ្លងទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់បងប្អូន នាំយកទៅអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំង ធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕