ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទទទួលផលអំពើចោរកម្ម នៅថ្ងៃទី១០ ខែសីហា ឆ្នំា២០១៩ នៅចំណុចខាងក្រោយផ្ទះពស់ ស្ថិតក្នុងក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។


ជនសង្ស័យចំនួន២នាក់នោះ ម្នាក់ឈ្មោះ ង្វៀង ធីទាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកហាងម៉ាស្សា និងម្នាក់ទៀតឈ្មោះ ឡុង ហៃហូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅលាយការ៉ុត ផលិតឆ្នាំ២០១៣ លេខតួៈ EM121CDEAC2051037 និងលេខម៉ាស៊ីនៈ 21CE050840 ជារបស់ជនរងគ្រោះ, ម៉ូតូចំនួន៨គ្រឿង ជាផលនៃអំពើចោរកម្ម, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, ទូរស័ព្ទដៃចំនួន៨គ្រឿង, កាតគ្រីម៉ូតូ២សន្លឹក និងអត្តសញ្ញាប័ណ្ណជនជាតិឥណ្ឌូនេស៊ី១សន្លឹក ។
រងគ្រោះឈ្មោះ ហ៊ួន ធូ ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ បាត់ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ។

ជនសង្ស័យទាំង២នាក់ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕