តេហេរ៉ង់៖ មេបញ្ជាការកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Alireza Tangsiri បានព្រមានថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាអីុស្រាអែល ចូលរួមក្នុងបេសកម្មយោធារបស់ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រពែក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក Tangsiri កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល បានស្ម័គ្រចិត្តផ្ដល់ជំនួយផ្នែកស៊ើបការណ៍សំងាត់ដល់ក្រុមចំរុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអីុរ៉ង់។ មេបញ្ជាការរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «រាល់សកម្មភាព ឬវត្តមានខុសច្បាប់របស់អ៊ីស្រាអែលនៅក្នុងដែនទឹកនៃឈូងសមុទ្រពែក អាចនឹងបង្កទៅជាសង្រ្គាម»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលអីុរ៉ង់ព្រមានពីសង្រ្គាមបែបនេះ។ ពោលគឺ កាលពីខែកក្កដា កន្លងទៅ ទីក្រុងតេហេរ៉ង់ ក៏ធ្លាប់បានព្រមានដែរថាបើសហរដ្ឋអាមេរិក ហ៊ាន បើកការវាយប្រហារណាមួយលើខ្លួន នោះអីុស្រាអែលនឹងត្រូវកម្ទេចត្រឹមតែពេលកន្លះម៉ោង ប៉ុណ្ណោះ ក្រោមកណ្ដាប់ដៃយោធាអីុរ៉ង់៕