ខេត្តកណ្តាល៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង មិនដឹងជាឡប់ខួរអី ស្រាប់តែដើរមកបីទារកម្នាក់កំពុងដេកក្នុងអង្រឹង យកទៅបោះចោលក្នុងភក់ បណ្តាលឲ្យទារករងគ្រោះ រងរបួសធ្ងន់ ត្រូវបានឪពុកម្តាយយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ ហេតុការណ៍នេះ កាលពីវេលាម៉ោង៧ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។

ទារករងគ្រោះ មានឈ្មោះយីម ឡៃធី ភេទប្រុស អាយុ៣ខែកន្លះ រស់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យឈ្មោះ រិ រ៉ាត់ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យស្រវឹងស្រានិងបែកថ្នាំញៀន លុះពេលឃើញទារករងគ្រោះកំពុងដេកក្នុងអង្រឹងក្រោមសំយាបផ្ទះ ស្រាប់តែដើរមកបីទារករងគ្រោះយកបោះទៅលើដីភក់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានឪពុកម្តាយក្មេងរងគ្រោះបានយកទៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ដើម្បីព្យាបាល ។

ប្រភពបន្តថា ក្រោយកើតហេតុឪពុកក្មេងរងគ្រោះបានដាក់ពាក្យបណ្តឹងលើ ជនសង្ស័យ ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី ។