ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាកម្មករសំណង់ខឹងប្រពន្ធបន្តួច ស្រាប់តែដាច់ចិត្តជិះម៉ូតូចេញពីផ្ទះទៅចងកសម្លាប់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ ក្រាលក្រួស (Z O A) ឋិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

សពរងគ្រោះមានឈ្មោះ រ៉ន គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
បើតាមម្ដាយសពរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់មានជម្លោះជាមួយប្រពន្ធ លុះវេលាម៉ោង៨និង១២នាទីព្រឹកថ្ងៃទី១២ ខែសីហា ក្រោយពីមានពាក្យសំដីតូចធំជាមួយប្រពន្ធ កូនគាត់បានជិះម៉ូតូចេញបាត់ចេញពីផ្ទះ ដោយមិនដឹងទៅណា លុះនៅម៉ោង១២និង១៤នាទីថ្ងៃដដែល ស្រាប់តែលេចដំណឹងថា កូនគាត់បានយកខ្សែចងគីប ចង កសម្លាប់ខ្លូននៅដើមអំពិល ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា សពរងគ្រោះចងកខ្លួនឯងពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រណៃណី ៕