ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តទាំងអាការស្រវឹងស្រាជោកជាំ មិនដឹងទើបចេញពីវង់ផឹកនៅទីកន្លែងណា មកឈប់កណ្តាលផ្លូវដេកយ៉ាងរំភើយ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ លុះអ្នកដំណើរនៅខាងក្រោយចុចស៊ីផ្លេខ្លាំងពេក ស្រាប់តែខឹងច្រឡោត ថយក្រោយបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្ត សរុបចំនួន៣គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-7206 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ខាងមុខខាងឆ្វេង ស្រាប់តែបុរសចិនរូបនោះ បានឈប់រថយន្តនៅចំកណ្តាលផ្លូវ រួចដេកធ្វើព្រងើយ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។


ប្រភពបន្តថា ពេលនោះ អ្នកធ្វើដំណើរពីក្រោយ បាននាំគ្នាចុចស៊ីផ្លេដាក់ជាច្រើនលើក ស្រាប់តែបុរសចិនទំនើងនោះខឹងច្រឡោត បានបើករថយន្តថយក្រោយទៅបុកម៉ូតូកង់បីឥណ្ឌា ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HH-4454 និងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ1N-0203 និងរថយន្តព្រូស ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-3705 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធ និងបុរសចិនរូបនោះ ទៅការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ដែលបុរសចិនរូបនោះប្រឈមនឹងប្រាក់សំណងឲ្យភាគីជនរងគ្រោះមិនតិចឡើយ៕