ខេត្តកណ្តាល៖ បុរសកម្មករសំណង់២នាក់ បានទិញស្រាមកផឹកមុខរោងស្នាក់នៅរៀងៗខ្លួន ពេលស្រវឹងធ្លាក់ភ្នែក ស្រាប់តែបោះពាក្យសម្តីឌឺដង កើតមានជម្លោះពាក្យសម្តីឈានដល់ប្រើអំពើហិង្សាវាយតប់គ្នា។ លុះពេលជិតខាងឃើញទាស់ភ្នែកចូលទៅឃាត់ ក៏ត្រូវជនប្រមឹកនោះ ទាញកាំបិតខ្វែវកាប់ បណ្តាលឲ្យរងរបួសប្រអប់ជើងរហូរឈាមកក្លាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
ហេតុការណ៍អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិព្រែកក្របៅទី៣ ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល។
ជនរងគ្រោះដែលត្រូវជនប្រមឹកកាប់របួសនេះ មានឈ្មោះថាន់ ចិន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (របួសប្រអប់ជើងស្តាំ១កន្លែង)។ ចំណែក ជនដៃដល់ មានឈ្មោះចន សារ៉ន ហៅ សុខ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទិញស្រាមកផឹកនៅការដ្ឋានធ្វើសំណង់ ហើយពេលនោះ ឈ្មោះម៉ន ម៉េត បានទិញស្រាបៀរមកផឹកក្នុងការដ្ឋានមុខបន្ទប់ដេក លុះពេលស្រវឹងធ្លាក់ភ្នែក ជនសង្ស័យ បានឈ្លោះប្រកែកពាក្យសម្តីជាមួយឈ្មោះម៉ន ម៉េត ភ្លាមនោះជនសង្ស័យបានយកជើងតាំងធ្វើពីឈើគប់ ទៅត្រូវឈ្មោះចាន់ ចាន់ណា ជាប្រពន្ធរបស់ឈ្មោះម៉ន ម៉េត ដែលកំពុងឈរនៅមុខបន្ទប់ដេក ត្រូវចំដើមដៃឆ្វេងបណ្ដាលឲ្យប៉ោងហើមមួយកន្លែង ឃើញដូចនេះឈ្មោះម៉ន ម៉េត ជាប្តីបានស្ទុះទៅដាល់ជនសង្ស័យ មួយដៃត្រូវចំចិញ្ចើមឆ្វេង ។

ប្រភពបន្តថា ពេលនោះជនសង្ស័យបានស្ទុះទៅយកកាំបិតខ្វែវនៅក្រោមដេីមស្វាយស្ទុះកាប់ឈ្មោះម៉ន ម៉េត ឃើញដូចនេះជនរងគ្រោះ បានចូលទៅឃាត់ជនសង្ស័យ ក៏កាប់ត្រូវប្រអប់ជើងស្តាំរបស់ឈ្មោះថាន់ ចិន បណ្តាលឲ្យរងរបួសហូរឈាមត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅពេទ្យភ្នំពេញ ។ ក្រោយកាប់ជនរងគ្រោះហើយ ជនសង្ស័យ
បានបោះកាំបិតចោលទៅក្នុងទឹកទន្លេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕