ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានធ្វើសកម្មភាពព្រួតវាយបុរសជនជាតិជប៉ុនម្នាក់ គំរាមយកកាបូបលុយ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខទូរATM ធនាគារANZ តាមផ្លូវលេខ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣៩Eo ផ្លូវលេខ៥ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ចំណែកជនរងគ្រោះឈ្មោះ NAKA YAMA YU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិជប៉ុន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខTR 2792581 ស្នាក់នៅHotel Hibiscus ងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
សម្ភាៈរបាត់បង់មានកាបូបស្ពាយមួយ ក្នុងនោះមាន៖ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPOមួយ និងម៉ាកSONYមួយ , លុយជប៉ុនចំនួន៤០០០យេន, លុយថៃចំនួន១០០០បាត , លុយឡាវចំនួន១០០០បាត ព្រមទាំងលិខិតស្នាមមួយចំនួនទៀត ។

មិនពេលកើតហេតុ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៩ ជនរងគ្រោះបានចេញពីកន្លែងស្នាក់នៅសណ្ឋាគារHIBICUS ដើរតាមផ្លូវព្រះស៊ីសុវត្ថិ ពីជើងទៅត្បូង គោលបំណងទៅបារបារាំង នៅម្តុំផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។ ពេលដើរមកដល់ចំណុចមុខទូរATMធនាគារANZ សង្កាត់ផ្សារកណ្ដាលទី១ ស្រាប់តែជនសង្ស័យឈ្មោះ ពិន ចិន ព្រមទាំងបក្ខពួក៣នាក់ទៀត បានធ្វើសកម្មភាពព្រួតវាយគំរាមយកកាបូបលុយបានសម្រេច រួចនាំគ្នារត់គេចខ្លួនបាត់អស់ ។
លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រលប់ ក៍ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ពិន ចិន នេះ ។
ជនសង្ស័យត្រូវសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញសួរចម្លើយ ដើម្បីស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់៣នាក់ទៀត និងបានកសាងសំណុំរឿងតាមនីតិវិធី ៕