ចេកពងមាន់ គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា “ Musa aromatica” និងមានឈ្មោះ ជាភាសាអង់គ្លេស “Chicken-Egg Banana”។ ប្រភេទចេកនេះ ត្រូវបានគេនិយមចូលចិត្តបរិភោគ និងប្រើប្រាស់ជាទូទៅ ដោយប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់។ ចេកពងមាន់ ភាគច្រើន ត្រូវបានគេនិយមដាំ នៅតាមដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមតំបន់កោះដុះថ្មី ជាប្រភេទរុក្ខជាតិ ប្រជាប្រិយ ដែលប្រជាជនខ្មែរ និយមដាំដុះ នៅក្នុងអំឡុងខែមិថុនា និងខែកក្កដា។ គេត្រូវចំណាយពេលវេលា រហូតដល់ទៅ ៨ ឬ១០ខែឯណោះ ទម្រាំបានផល។ ចេកអត្តសញ្ញាណជាតិមួយនេះ ត្រូវបានគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយ បើទោះជាដំណាំដែលមានប្រភពពីឥណ្ឌាក៏ដោយ ។

ចំពោះបងប្អូនណាដែលមានបំណងចង់ដាំដំណាំនេះ ក៏ប៉ុន្តែមិនមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល តើត្រូវដាំវានៅរដូវណា នៅឯណាំ ដាំដូចម្ដេចទើបទទួលបានទិន្នផលខ្ពស់ ដូចនេះដើម្បីជាគន្លិះក្នុងការស្រាយចម្ងល់របស់ប្រជាកសិករ យើងនឹងបង្ហាញពីរបៀបដាំដូចខាងក្រោម៖

/. ការរៀបចំ​ដី​ដាំ​
-​ ​ជីករណ្តៅ ទំហំ​៤​តឹក​បួន​ជ្រុង និង​ជម្រៅ​២​តឹក និង​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ២​ម៉ែត្រ ។​
-​ ​ក្នុង​រណ្តៅ​នីមួយៗ ត្រូវដាក់​ជីលា​មក​សត្វ​ពុកផុយ​១​ប​ង្គី ដោយ​លាយ​ច្របល់​ជាមួយ​បាត​ដី ។​

២/. ការដាំដុះ​
​ការដាំដុះ អាច​ធ្វើឡើង​ដោយ​២​វិធី ។​
​វិធី​ទី​១ យក​គល់​ចេក​ទៅ​ដាំ ៖ យក​គល់​ចេក​ពុះ​ជា​២​ចំណែក ហើយ​យក​មួយ​ចំណែក​ដាក់​ដាំ​ក្នុង​រណ្តៅ ដោយ​កប់​គល់​ផ្ងារ​ឡើង​លើ ។​


​វិធី​ទី​២ យក​កូន​ចេក​ទៅ​ដាំ ៖ យក​កូន​ចេក​ដែល​មាន​កម្ពស់ ៣-៤​តឹក ទៅ​ដាំ ដោយ​កប់​ក្នុង​ជម្រៅ​១,៥​តឹក ពោល​គឺ​ពាក់កណ្តាល​ដើម ។​

៣/. ការថែទាំ​
– គ្រប​សំរាម និង​ស្លឹកឈើ​នៅ​គល់​ចេក​ជាប្រចាំ នៅពេល​សំរាម និង​ស្លឹកឈើ​ចាប់ផ្តើម​រលួយ ជ្រុំ​កប់ចូល​ក្នុង​ដី ហើយ​គ្រប​មួយ​សារ​ទៀត ។​
– ស្រោច​ទឹក​រយៈពេល​៣​ថ្ងៃ​ម្តង ពេល​កូន​ចេក​នៅ​តូច (​រដូវប្រាំង​) ។​


– ដាក់​ជីលា​មក​សត្វ​បន្ថែម ព្រមទាំង​ជ្រុំក​ប់​នូវ​កម្ទេច​សំរាម​ចូលក្នុង​ដី ដើម្បី​បង្កើន​ជីជាតិ​ដី ជីលា​មក​សត្វ​ដែល​ប្រើ ត្រូវជា​ជី​ដែល​ពុកផុយ ។​


– បាចទឹក​ចេញ នៅពេលដែល​មាន​ភ្លៀង​ច្រើន ទឹក​ដក់​នៅក្នុង​ចម្ការ ។​
– ទុក​តែ​២​ដើម ក្នុង​មួយ​គុម្ព ដើម្បី​ឱ្យ​ផ្លែ​លូតលាស់​ធំ​ល្អ ។​
– ត្រូវ​ឧស្សាហ៍​កាប់​ធាង​ដែល​ដុះ​សាខា​ចេញ ដើម្បី​ឱ្យ​មាន​ពន្លឺ​ថ្ងៃ​ចូល​ក្នុង​ចម្ការ​បាន​គ្រប់គ្រាន់ ។​

/. ការប្រមូល​ផល​
​ក្រោយ​ដាំ​បាន​រយៈពេល​៧​ទៅ​៨​ខែ ចេក​នឹង​ចាប់ផ្តើម​ផ្លែ។

សរុបមកបច្ចេកទេសក្នុងការដាំចេកពងមាន់នេះ មិនមានអ្វីពិបាកទេដោយពួកយើងគ្រាន់តែដាំដុះវាឲ្យត្រូវតាមលក្ខខណ្ឌ ដូចជារដូវការ​ សណ្ឋានដី ការជីករណ្ដៅ ជ្រើសរើសពូជ និងការថែទាំ ការណាដែលយើងដាំវាបានត្រឹមត្រូវតាមបច្ចេកទេសនោះ ទិន្នផលក៏យើងទទួលបានខ្ពស់ ហើយការនាំចេញទៅកាន់ទីផ្សារតម្លៃវាក៏ខ្ពស់ទៅតាមនិង ៕