ខេត្តព្រះសីហនុ ៖ កាលពីប៉ុន្មានថ្ងៃនេះ នៅក្នុងបណ្តាញសង្គមមានការលើកឡើងជាសំនួរ និងជាចម្ងល់ផងដែរ ពាក់ព័ន្ធនឹងរូបសំណាកសត្វតោ២ក្បាល មិនមានប្រស្រីគ្រាប់ភ្នែក នៅខេត្តព្រះសីហនុ។

ជុំវិញរឿងរូបសំណាកសត្វតោនេះ មានមតិ២ផ្ទុយគ្នាបានលើកឡើងដូចខាងក្រោយ៖
មតិទី១- ចាស់ទុំរួម និងមន្ត្រីចូលនិវត្តន៍មួយចំនួន ដែលជាអ្នករស់នៅ និងធ្វើការនៅក្រុងព្រះសីហនុ តាំងពីឆ្នាំ១៩៧៩ មក អះអាងថា រូបសំណាកសត្វតោនេះ បានសាងសង់ឡើងដោយមានដាក់ប្រស្រីគ្រាប់ភ្នែកត្រឹមត្រូវ ប៉ុន្តែក្រោយមកអាចមានអ្នកលួចយកប្រស្រីគ្រាប់ភ្នែកតោ ឧស្សាហ៍កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ ដូចជាស្លាប់មនុស្ស១៨នាក់ ដែលជិះរថយន្តទួរីស ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណោតអូរត្រាវជាដើម ទើបកើតមានជាជំនឿថា អាចមកពីតោទាំងពីរនេះកាចពេក រួចក៏មានការរៀបចំថ្មីដោ យផ្លាស់ប្តូររូបសំណាកនេះ ម្តងជាពីរដង ដូចជារៀបចំដាក់ដុំបាល់ក្នុងមាត់តោថាកុំអោយកាចស៊ីមនុស្ស ទើបដកយកប្រស្រីគ្រាប់ភ្នែកតោចេញ ក្នុងហេតុផលថាឲ្យតោខ្វាក់ភ្នែកជាដើម ជាមួយនិងការបូជាផ្សេងៗតាមជំនឿ ដើម្បីសុំសេចក្តីសុខសប្បាយ។

មតិទី២- មន្ត្រីផ្លូវការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ធ្លាប់ពន្យល់ថា យោងតាមឯកសារដើម រូបសំណាកតោទាំងពីរនេះ សាងសង់ឡើងដោយពុំមានដាក់ប្រសីគ្រាប់ភ្នែកទេ គឺគេដាក់ត្រឹមតែជារង្វង់ភ្នែកប៉ុណ្ណោះ។
មន្ត្រីដដែលថ្លែងថា រូបសំណាកតោពីរនេះ បានកសាងឡើងនៅឆ្នាំ១៩៦២ ដោយចៅហ្វាយក្រុងព្រះសីហនុ ជំនាន់ទី៣ ឈ្មោះហួត សំអាត ។ ដោយមានការលើកឡើងខុសគ្នានេះហើយដែលនាំឲ្យពលរដ្ឋនៅក្រុងព្រះសីហនុ មួយចំនួន ពិសេសក្មេងៗ ស្រកក្រោយ មិនអស់ចម្ងល់ពីរឿងថា តោមានប្រសីភ្នែក ឬឥតប្រសីភ្នែក រហូតដល់មានមតិកណ្តាលមួយថា មានតែអ្នកសាងសង់រូបសំណាកតោទាំងពីរនេះផ្ទាល់ដំបូងទេ ទើបដឹងថាតើតោទាំងពីរនេះ មាន ឬគ្មានប្រស្រីគ្រាប់ភ្នែក? ។

ទោះបីជាយ៉ាងនេះក្តី រូបសំណាកតោទាំងពីរនេះ ត្រូវពលរដ្ឋភាគច្រើនក្នុងខេត្តព្រះសីហនុ នៅតែគោរពតាមជំនឿ និងបួងសួងសុំឲ្យមានសេចក្តីសុខសប្បាយជារៀងរហូតមក ៕ (ប្រភពពីហេ្វសប៊ុក លោកហ៊ុយ ប៊ុនឡេង )