ខេត្តឧត្ដរមានជ័យ៖ សមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានឃាត់ខ្លួនគ្រូពេទ្យស្ទើរភ្លើងម្នាក់ ដែលព្យាបាលជំងឺស្រ្ដីម្នាក់បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀរ ក្រុងសំរោង ។
ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ។
ជនសង្ស័យជាគ្រូពេទ្យស្ទើរភ្លើង ឈ្មោះ សឿង ប៊ុនរិទ្ធ អាយុ៦១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល ឪពុកម្តាយជនរងគ្រោះបានហៅជនសង្ស័យដែលប្រកបរបរជាគ្រូពេទ្យចាក់ថ្នាំតាមភូមិ ឲ្យមកមើលជំងឺកូនរបស់ខ្លួន ដែលមានជំងឺទាស់សសៃ ។ ជនសង្សយ័បានមកដាក់សេរ៉ូមឲ្យជនរងគ្រោះ ។ លុះម៉ោងប្រហែល៤រសៀលថ្ងៃដដែល ក៏អស់សេរ៉ូម បន្ទាប់មក នៅម៉ោង៦ព្រលប់ថ្ងៃដដែល ជនសង្សយ័បានឲ្យអ្នកជំងឺលេបថ្នាំចំនួន៣មុខផ្សេងគ្នា។ លុះមកដល់ម៉ោង៧និង៤៥នាទីថ្ងៃដដែលនោះ អ្នកជំងឺបានប្រកាច់ស្លាប់តែម្តង ។


ក្រោយពេលកើតហេតុ មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនគ្រូពេទ្យឲ្យទៅរួមសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល ចុះទៅពិនិត្យស្រាវជ្រាវបច្ចេកទេសក្នុងការព្យាបាលរបសគ្រូពេទ្យស្ទើរភ្លើងនេះ បានរកឃើញថាជនសង្សយ័ប្រកបរបរដើរចាក់ថ្នាំក្នុងភូមិ ពុំមានសញ្ញាបត្របញ្ជាក់ថា មានវិជ្ជាជីវ:ជាពេទ្យនោះទេ និងពុំមានអាជ្ញាប័ណ្ណពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះផងដែរ ។


ចំណែកអ្នកជំងឺស្លាប់បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugose និង Vitamin Becom-plex ដែលមានសារធាតុ B1 លើសចំណុះបណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង ។
ដោយមានការសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការពីលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័នៅម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ។


ជនសង្ស័យពេទ្យស្ទើរភ្លើង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕