ឥណ្ឌា៖ អាជ្ញាធររដ្ឋឥណ្ឌា បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងរដ្ឋ Karnataka, Kerala និង Maharashtra របស់ឥណ្ឌាបានកើនឡើងដល់ ១៤៧ នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានReutets នៅថ្ងៃទី១២ ខែសីហានេះ។

នៅរដ្ឋភាគខាងត្បូងនៃរដ្ឋ Kerala យ៉ាងហោចណាស់មានមនុស្ស ៥៧ នាក់បានស្លាប់ ខណៈដែលមនុស្សជាង ១៦៥,០០០ នាក់កំពុងស្ថិតនៅក្នុងជំរុំផ្តល់ជំនួយក្នុងរដ្ឋនេះ។

បើតាមលោក Pinarayi Vijayan ប្រធានរដ្ឋបានឲ្យដឹងថា ក្រុមជួយសង្គ្រោះមានការលំបាកជាខ្លាំងក្នុងការចុះជួយពលរដ្ឋ ដោយសារផ្ទះពលរដ្ឋជាច្រើននៅតែគ្របដណ្ដប់ដោយភក់ជ្រៅ ១០ ទៅ១២ ហ្វីត។

អាជ្ញាធរព្រួយបារម្ភថា ប្រតិបត្តិការជួយសង្គ្រោះនឹងត្រូវវាយប្រហារដោយព្យុះផ្គររន្ទះនិងទឹកភ្លៀងដែលបានព្យាករណ៍នៅផ្នែកខ្លះនៃរដ្ឋ Kerala ។

សូមរំលឹកថា កាលពីឆ្នាំមុនមានមនុស្សជាង ២០០ នាក់ត្រូវបានស្លាប់នៅក្នុងរដ្ឋ Kerala និងជាង ៥ លាននាក់បានរងគ្រោះ ហើយក្នុងឆ្នាំនេះក៏អាក្រក់ដែរ ខណ:អ្នកស្លាប់ចេះតែបន្តកើនឡើង៕