វៀតណាម៖ សារមន្ទីរសិល្បៈក្រុងហូជីមីង គឺជាអគារដ៏ប្រណីតមួយ សាងសង់ដោយស្ថាបត្យកជនជាតិបារាំងនាឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៣៤ ដោយយករចនាបទពីស្ថាបត្យកម្មបារាំង បញ្ចូលគ្នាជាមួយរចនាបទបែបព្រះពុទ្ធសាសនា ។ 

អគារនេះមានទីតាំងស្ថិតនៅតំបន់ Quận 1 ក្រុង ហូជីមីង ប្រទេសវៀតណាម វាត្រូវបានគេដឹងថា ជាអតីតទីតាំខ្មោចលង ដ៏រន្ធត់បំផុតមួយ ហើយព្រលឹងខ្មោចដែលនៅក្នុងអគារនេះ គេជឿថា ជាសមាជិតគ្រួសាររបស់ម្ចាស់អគារនេះតែម្ដង ។ 

ចាស់ទុំនៅក្នុងតំបន់បាននិយាយពីប្រវត្តិរបស់អគារនេះយ៉ាងដូច្នេះថា អគារនេះគឺធ្លាប់ជាកម្មសិទ្ធរបស់គ្រួសារលោក Hua គឺពាណិជ្ជករ ចិន-វៀតណាម ដ៏មានទ្រព្យសម្បត្តិស្ដុកស្ដមបំផុតមួយនាសម័យនោះ ។ 

តាមពិតលោក  Hua មានកូនប្រុសជាច្រើននាក់ ខណៈដែលលោកមានកូនស្រីតែម្នាក់ប៉ុណ្ណោះ ។ លោក Hua ពិតជាស្រឡាញ់កូនស្រីខ្លាំងណាស់ លោកតែងតែផ្គាប់ចិត្តនាងគ្រប់បែបយ៉ាង នាងស្រឡាញ់អ្វី ចង់បានអ្វី គឺត្រូវតែបាន លើកលែងតែផ្កាយលើមេឃប៉ុណ្ណោះ តួយ៉ាងដូចជាអគារមួយនេះ គឺជាកាដូ ដែលឪពុកបានសង់ជូននាង ។ 

សុភមង្គលរបស់គ្រួសារ Hua ពិតជាមិនបានយូរអង្វែងឡើយ ខណៈដែលកូនស្រីពេញវ័យក្រមុំ សម្រស់ស្រស់ត្រកាល តែនាងបែជាមានវាសនាអភ័ព្វព្រោះតែជំងឺរបេងបានមកទន្ទ្រានជីវិតនាង ដូច្នេះហើយទើបលោក Hua បានរៀបចំគ្រូពេទ្យមកមើលថែជំងឺកូនស្រីដល់បន្ទប់ មិនឲ្យនាងចេញទៅណាមកណាឡើយ ដែលជាហេតុធ្វើឲ្យកូនស្រីកាន់តែខូចចិត្តថែមទៀត រហូតដល់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនតែម្ដង ។ 

លោក Hua

បន្ទាប់ពីមរណៈភាពរបស់កូនស្រី គ្រួសារ Hua រស់នៅដោយភាពស្ងប់ស្ងាត់នៅក្នុងផ្ទះប្រណីតមួយនេះ ហើយអ្វីដែលគួរឲ្យខ្លាចនោះ គឺមានអ្នកដែលរស់នៅក្បែរខាងបានខ្សឹបគ្នាថា តែងតែបានឃើញស្រមោលកូនស្រីរបស់លោក Hua រស់នៅក្នុងផ្ទះ ពេលខ្លះនាងយំ ពេលខ្លះនាងដើរក្នុងបរិវេណផ្ទះ និងពេលខ្លះឃើញនាងនៅខាងមុខក្លោងទ្វារផ្ទះក៏មាន ។

ករណីឃើញវិញ្ញាណខ្មោចកូនស្រីរបស់ញគ្រួសារ Hua នៅតែបន្តឮចេញពីមាត់មនុស្សម្នាជាច្រើននាក់ ជាពិេសសគឺអ្នករស់នៅជិតខាង រហូតដល់ថ្ងៃមួយគ្រួសារ Hua បានសម្រេចចិត្តចាកចេញពីផ្ទះនេះ (គ្រួសារលោក Hua បានទៅរស់នៅប្រទេសចិន) ពីព្រោះ​ពួកគាត់ក៏ជឿថា កូនស្រីនៅតែមិនអស់អាល័យជាមួយផ្ទះដែលជាកាដូរបស់នាង ដូច្នេះគឺចង់ទុកឲ្យនាងរស់នៅដោយសប្បាយចិត្តទៅចុះ តែចំណេរកាលក្រោយមកផ្ទះមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋវៀតណាម និងយកមកធ្វើជាសារមន្ទីរតែម្ដង ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ផ្ទះរបស់គ្រួសារ Hua លែងក្លាយជាទីកន្លែងដ៏ស្ងប់ស្ងាត់ និងគួរឲ្យខ្លាចទៀតហើយ តែមានពេលខ្លះក៏នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិលាន់មាត់ថា ពេលដើរចូលទៅក្នុងបរិវេណនៃសារមន្ទីរមួយនេះ វាហាក់ដូចជាមានអារម្មណ៍ចម្លែកៗ ហើយមានពេលខ្លះ ខ្យល់ធ្លាក់មកមានភាពត្រជាក់ខុសពីធម្មតាថែមទៀតផង ៕

សហការី KBN

ប្រភព៖ inspitrip