ភ្នំពេញ ៖ ជនជាតិចិនម្នាក់ព័ន្ធករណីឆបោកប្រាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ នាំចូលក្នុងរថយន្តភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ សីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវព្រះមុនិរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះ ឈ្មោះ GUO GENG HE ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជាជនជាតិចិន ស្នាក់នៅអគារ DBLY Tower ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។

ប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាប់ខ្លួនជនជាតិចិនខាងលើនេះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ MAO YI FAN ជាជនជាតិចិនដូចគ្នា។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕