ខេត្តកំពង់ឆ្នាំង ៖ ជាងផ្សាដែកម្នាក់ កំពុងកាត់ដែកផ្សារ នៅក្នុងការដ្ឋានសំណង់ផ្សារាត្រីមួយកន្លែង ស្រាប់តែឮសំឡេងផាំង ពេលរួមការងារក្រឡេកមើល ឃើញជនរងគ្រោះប្រកាច់ និងឈាមស្រោចពេញខ្លួន ស្លាប់បាត់ទៅហើយ ដោយ ត្រូវបំណែកផ្លែរណាបែកខ្ទាតត្រូវនឹងបំពង់ក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងស្ថិតនៅក្នុងការដ្ឋាណសំណង់មួយកន្លែងក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ស្រី គីម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងផ្សាកាត់ដែក មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

មុនពេលកើតហេតុ ជនរងគ្រោះបានបានកាត់ដែកផ្សារ នៅក្នុងការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើផ្សារាត្រី ។ ពេលដែលកំពុងកាត់ដែក មានឮសំឡេងផាំង ក៍ស្រាប់តែឃើញជនរងគ្រោះប្រកាច់ និង ឈាមស្រោចពេញខ្លួន ។ ពេលអ្នករួមការងារចូលទៅជិត ទើបដឹងថា ជនរងគ្រោះ ត្រូវបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ ក បណ្តាលឲ្យមុត និងដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួច បានសន្និដ្ឋានជាដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយមុតនឹងបំណែកផ្លែរណា ខ្ទាតត្រូវចំបំពង់កពិតប្រាកដ និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕