ខេត្តរតនគិរី៖ នៅវេលាម៉ោង២ និង៣៩នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ យុវតីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកចម្លងដោយសារជំនន់ទឹកភ្លៀងហូរកួចនោះ ពេលនេះ ត្រូវបានរកឃើញហើយ ធ្វើឲ្យក្រុមគ្រួសាររន្ធត់ស្រែកទ្រហោយំស្តាយស្រណោះជីវិតក្មេងស្រីរងគ្រោះជាពន់ពេក។


យុវតីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍លិចទូកចម្លងនេះ មានឈ្មោះ រ៉ា រចនា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ មានករណីទឹកហូរកួចខ្លាំងបានពន្លិចទូកចម្លង១គ្រឿង និងបាត់ក្មេងស្រីម្នាក់ ត្រូវទឹកហូរកួចយកទៅជាមួយ។

ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងទឹកជន់ឡើងខ្លាំង បណ្តាលឲ្យផ្លូវក្នុងភូមិសាស្ត្រខាងលើ ត្រូវបានជន់លិច ទើបពលរដ្ឋនៅតំបន់នោះបានប្រើមធ្យោបាយទូកចម្លង តែជាអកុសល ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ក៏បានពន្លិចទូកចម្លងនោះ និងបណ្តាលឲ្យក្មេងស្រីកូនអ្នកភូមិម្នាក់ ត្រូវកម្លាំងទឹកហូរកួចយកទៅបាត់ ទើបតែក្រុមគ្រួសារ និងសមត្ថកិច្ចស្វែងរកសពក្មេងស្រីរងគ្រោះឃើញ យកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕