ភ្នំពេញ៖ ជនសង្ស័យ២នាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង១០យប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យទី១ ឈ្មោះ វន ចម្រុង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) និងទី២ ឈ្មោះ វន សុខ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ (មានសារធាតុញៀន) មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវ លំ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សកែវ ។

ចំណែកជនរងគ្រោះឈ្មោះ សុត ឡុង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឈើ មានទីលំនៅចំណុចផ្ទះជួល ផ្លូវលំក្រុមទី ៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន នៅម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សុត ឡុង បានប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ តាមប្រព័ន្ធទូរស័ព្ទថា ជនសង្ស័យបានលួចម៉ូតូខ្លួន យកទៅបាត់កាលពីយប់មិញ ។ ក្រោយពីទទួលបណ្ដឹង កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ។

លុះដល់ម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ បានសហការជាមួយប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឃាត់បានជនសង្ស័យបានទាំង២នាក់តែម្ដង និងដកហូតបានស្លាកលេខម៉ូតូ ភ្នំពេញ 1BQ -1429មួយ , ម៉ូតូ០១គ្រឿង ម៉ាកNEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FD-9159 ជារបស់ជនរងគ្រោះ, សោខ្សៀរលេខ៨ មួយដើម ,ដែកសំប៉ែតមួយដើម , ដែកលួសសរសៃចុងកោងចំនួនបីដើម និងទូរស័ព្ទមួយគ្រឿង ម៉ាក CAMFONE ពណ៍ខ្មៅ ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕