ខេត្តសៀមរាប៖ ទំនាស់រឿងគោស៊ីដំណាំបន្តិចបន្តួច ថៅកែឡឥដ្ឋម្នាក់ផ្ទុះកំហិង វាយទៅលើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឱ្យរបួសជាទម្ងន់ និងត្រូវក្រុមគ្រួសារដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
ជនសង្ស័យជាថៅកែឡឥដ្ឋ ឈ្មោះហង្ស សីហា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកស្រ្តីរងគ្រោះ ឈ្មោះឈិន ម៉ៅ អាយុ៤៦ឆ្នាំ ជាអ្នករស់នៅជិតខាងគ្នាជាមួយជនសង្ស័យ។


មុនពេលកើតហេតុ ជនសង្ស័យ និងស្រ្តីរងគ្រោះមានទំនាស់គ្នារឿងគោស៊ីដំណាំ ហើយស្រ្តីរងគ្រោះបានជេរបញ្ចោរទៅលើជនសង្ស័យជាថៅកែឡឥដ្ឋ ធ្វើឲ្យជនសង្ស័យផ្ទុះកំហិង ក៍ប្រើកណ្ដាប់ដៃវាយរងគ្រោះបណ្តាលឱ្យរងរបួសហើមមុខហើមមាត់តែម្ដងទៅ។
លុះដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ សួន ចក់ ភេទប្រុស អាយុ៥៦ឆ្នាំ ជាប្ដីរបស់ស្រ្តីរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍គោកធ្លកក្រោម ពីករណីថៅកែឡឥដ្ឋ ឈ្មោះហង្ស សីហា ប្រើកណ្ដាប់ដៃវាយរងគ្រោះបណ្តាលឱ្យរងរបួសហើមមុខហើមមាត់នេះ ហើយត្រូវកម្លាំងនគរបាលស្រុកជីក្រែង ចុះឃាត់ខ្លួនជនសង្ស័យ ដោយចោទពីបទហឹង្សាដោយចេតនា ។

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានវាយទៅលើជនរងគ្រោះចំនួន២ដៃបណ្តាលឱ្យដួលផ្កាប់មុខទៅលើដី និងហើមមុខហើមមាត់ពិតមែន។ មូលហេតុមកពីជនរងគ្រោះជេរបញ្ចោរមកលើរូបគេ។


ជនសង្ស័យដែលជាថៅកែឡឥដ្ឋ ត្រូវសមត្ថកិច្ចនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕