ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយពីឃើញរូបភាពអគារផ្ទះសំណាក់កម្ពស់៩ជាន់របស់ជនជាតិចិន ដែលមានស្លាកយីហោ«ផ្ទះនាគ» មានស្ថានភាពស្រុតប្រេះជញ្ជាំងធំៗ គួរឲ្យព្រួយបារម្ភ ដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។

យោងតាមគណនីហ្វេសប៊ុក កូន ខ្លាចតូច កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ បានបង្ហោះឲ្យដឹងថា ៖ «#សុំអាជ្ញាធរចុះត្រួតពិនិត្យផង ប្រជាពលរដ្ឋផ្ញើសារមកថា អគារដ៏ធំ កំពស់៩ជាន់ យីហោ ផ្ទះនាគ នៅជិតរង្វង់មូលតោ២ (ក្រុងព្រះសីហនុ) កំពុងចាប់ផ្តើមប្រេះស្រុតហើយ» ។


ក្រោយពីមានបង្ហោះរូបភាពពីអគារផ្ទះសំណាក់របស់ជនជាតិចិនដែលមានស្នាមប្រេះខ្លាំងបែបនេះ មន្រ្តីក្រសួងដែនដីនគរបាលរូបនីយកម្ម និងសំណង់ និងមន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានចុះទៅត្រួតពិនិត្យអគារនោះភ្លាម និងឃើញមានស្នាមប្រេះនៅតាមបន្ទប់មួយចំនួន ហើយខ្លះថាទ្រេតផង ហើយអាគារនោះ គឺជាអតីតហាងលក់ស៊ុប តោពីរ ស្ថិតនៅភូមិ៤ សង្កាត់៤ ខណ្ឌ/ក្រុងព្រះសីហនុ។

ដោយឡែក លោកលឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុ ទទួលបន្ទុករដ្ឋបាលសាធារណៈ បានប្រាប់អ្នកកាសែតថា អាជ្ញាធរកំពុងធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ ហើយក៏មិនទាន់ហ៊ាននិយាយអ្វីដែរ ព្រោះខាងជំនាញកំពុងសិក្សា និងត្រួតពិនិត្យអគារនេះ ដោយផ្អែកលើម៉ាស៊ីនទំនើបនៃការស្ទង់លទ្ធផលនៃស្ដង់ដារអគារ។

លទ្ធផលបែបណា អាជ្ញាធរជំនាញនឹងធ្វើសេចក្ដីសម្រេចជាក្រោយ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់អាយុជីវិតរបស់ប្រជាជនដែលមកស្នាក់នៅអគារផ្ទះសំណាក់ខាងលើ៕