ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រីដក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះឡើងកល់ជាប់របាំងថ្មពុះចែកទ្រូងផ្លូវនោះ ទៅមុខលែងរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបគីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U 2929 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរស្រវឹងស្រា ស្រាប់តែរេចង្កូតទៅបុកហោះឡើងរបាំងថ្មពុះចែកទ្រូងផ្លូវកលជាប់ទៅមុខលែងរួច តែមិនមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តកល់ជាប់នៅកន្លែងកើតហេតុ និងត្រូវបានមន្រ្តីនគរបាលជំនាញ ស្តូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕