ភ្នំពេញ៖ យុវជនម្នាក់ បានផុងខ្លួនប្រើប្រាស់ថ្នាំញៀនរហូតហួសកម្រិត(បែកថ្នាំ) ក៏បានយកកាំបិតប៉័ងតោ ទៅរករឿងដេញកាប់ប្រជាពលរដ្ឋក្បែរខាងរបួស លុះមានកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ យុវជនខាងលើមិនខ្លាចញញើតឡើយ ដោយទាញកាំបិតប៉័ងតោ ដេញកាប់សមត្ថកិច្ចរត់គេចខ្លួនឡើងបាតជើងសព្រាត។


ហេតុការណ៍យុវជនបែកថ្នាំយកកាំបិតប៉័ងតោដេញកាប់អ្នកជិតខាង និងសមត្ថកិច្ចនេះ បានកើតឡើង តាំងពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ៥៩០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទល់មុខវត្តញានរង្សី ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បានប្រើប្រាស់ថ្នាំញៀនឡើងលើសកម្រិតរហូតលើសកម្រិតបាត់បង់ម្ចាស់ការខ្លួនឯង ហើយបានឈ្លោះជាមួយអ្នកជិតខាង និងយកកាំបិតប៉័ងតោកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ខណ:នោះសាច់ញាតិជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ លុះពេលកម្លាំងសមត្ថកិច្ចមកដល់ ជនសង្ស័យខាងលើ មិនខ្លាចញញើតឡើយ ថែមទាំងបានទាញកាំបិតតាំងប៉័ងតោដេញកាប់សមត្ថកិច្ចរត់បាតជើងសព្រាត ហើយយុវជនខាងលើ បានដើរត្រឡប់ចូលផ្ទះវិញយ៉ាងរំភើយ។


ក្រោយមកសមត្ថកិច្ចបានហៅកម្លាំងបន្ថែម ដោយមានកម្លាំងសមត្ថកិច្ច កម្លាំងប្រជាការពារ ចុះមកអន្តរាគមន៍ ឪពុកម្ដាយយុវជនដៃដល់(យុវជនបែកថ្នាំ ) សុំធ្វើការសម្រប់សម្រួល ដោយជួយចេញថ្លៃថ្នាំព្យាបាល ទៅខាងជនរងគ្រោះ ដើម្បីបញ្ចប់រឿង ព្រោះតែកូនប្រុសគាត់បែកថ្នាំលែងដឹងអីហើយ សុំឲ្យសមត្ថកិច្ចមានការយោគយល់ផង ដើម្បីផ្តល់ឱកាសឲ្យពួកគាត់នាំកូនប្រុសម្នាក់នេះ (យុវជនដៃដល់) ទៅដាក់នៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀនក្នុងខ្លួនគេ៕