ភ្នំពេញ ៖ នៅទីបំផុត តារាកំប្លែងស្រីនាងស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោកកៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរ នៅថ្ងៃនេះ ដោយមានចាស់ទុំសាច់ញាតិទាំងសងខាង និងមិត្តភក្តិចូលរួមយ៉ាងអធិកអធម។


ពិធីមង្គលការរបស់តារាកំប្លែងស្រីនាងស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោកកៃដ បានចូលសូត្រមន្តចូលរោងជ័យ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ហើយពិធីហែជំនួន កាត់សក់បង្កក់សិរី ចងដៃ និងទទួលភ្ញៀវភោជនាអាហារ ត្រូវធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែសីហា នេះតែម្តង។
នៅក្នុងពិធីរៀបមង្គលការរបស់នាង ខ្ញុង និងលោក កៃដ គឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត និងមានវត្តមានចាស់ទុំសាច់ញាតិទាំងសងខាង មិត្តភក្តិរួមអាជីពចូលរួមយ៉ាងច្រើនកុះករ ។

ចំណែក កូនកំលោះ-ក្រមុំ វិញ គឺមានទឹកមុខស្នាមញញឹមនិងរំភើបរីករាយ ជាមួយគ្នានេះដែរ អ្នកទាំង២ ក៏ទទួលបានសារអបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់ថែរក្សាគ្នាដល់ចាស់កោងខ្នង៕