ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការចាប់ខ្លួន និង បង្ហាញមុខស្រ្តីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម ។


លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ឈ្មោះឆៃ ឌិចឡាមី ហៅហ៊ុច ភេទស្រី អាយុ៤៨ឆ្នាំ នៅចំណុចផ្លូវជាតិលេខ១ (ផ្លូវជាតិលេខ៥៦ A ) ស្ថិតក្នុងភូមិកន្តួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលពីលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។

ក្រោយចាប់ខ្លួន ស្រ្តីសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល នាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ៕