ភ្នំពេញ៖ ហេតុការណ៍ឮស្នូរផ្ទុះកណ្តាលរាត្រី សង្ស័យករណីបំផ្ទុះគ្រាប់បែក បណ្តាលឲ្យរថយន្តហាយឡែនឌ័រ មួយគ្រឿង ការខូចខាតមួយចំហៀងខាងឆ្វេង និងជញ្ជាំងខុនដូដែលនៅក្បែរនោះ ក៏រងការខូចខាតដូចគ្នាដែរ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតនៅពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅមុខខុនដូ លេខ៦ និង ខុនដូលេខខ៩ ផ្លូវលេខ៣១២ ភូមិ៥ ក្រុម២៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅខុនដូ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងដេកលង់លក់នៅច្រកទ្វារខុនដូខាងក្នុងរបង ស្រាប់តែមានឮសំឡេងផ្ទុះ លាន់ស្នូរដូចរន្ទះ ភ្លាមៗគាត់ភ្ញាក់ ស្មានតែផ្ទុះកង់ឡាន ពេលគាត់ចេញមកមើលឃើញមានតែផ្សែង និងភ្លើងកំពុងឆេះនៅលើផ្លូវ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះមកធ្វើកោសល្យវិច័យ និងបានរកឃើញមានអំបែងគ្រាប់ រួចសន្និដ្ឋានថា នេះជាករណីបំផ្ទុះគ្រាប់បែក ។ តែសមត្ថកិច្ច មិនអាចកំណត់បានថា ជាហេតុការណ៍អ្វីឲ្យពិតប្រាកដនៅឡើយទេ ។

តែយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងល្អិតល្អន់ កំណត់រកមុខសញ្ញាជនបង្ក មកចាត់ការតាមនីតិវិធី ៕