ខេត្តបាត់ដំបង! បុរសជាអ្នកដើរប្រមូលអាចម៍ប្រចៀវលក់ ដែលបានធ្លាក់ចូលរូងថ្មកៀបជាប់ដាច់បាយទឹកចំនួន៤ថ្ងៃតែមិនស្លាប់ ហើយនារីជាប្រពន្ធដើររកប្រទះឃើញកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវក្រុមជួយសង្គ្រោះបានជួយសង្គ្រោះយកចេញរួចផុតពីសេចក្តីស្លាប់។ ដោយឡែក តាមគ្រូអាចារ្យនៅទីនោះ បានអះអាងថា មូលហេតុដែលបុរសខាងលើធ្លាក់ចូលរូងថ្មកៀបជាប់ដាច់បាយទឹកនេះ ព្រោះតែបុរសរូបនេះ បានយកកងដៃបុរាណ និងឆ្អឹងភ្លុក ចេញពីរូងភ្នំ ទៅទុកនៅផ្ទះរបស់ខ្លួន ទើបធ្វើឲ្យបារមីអ្នកតារូងភ្នំខឹងសម្បា ក៏ដាក់ទណ្ឌបុរសរូបនេះតែម្តង ដើម្បីឲ្យរាងចាលទៅថ្ងៃក្រោយ។

យោងតាមការលើកឡើងពីប្រជាពលរដ្ឋ និងអ្នកមានអបិយជំនឿ ដោយមានការទស្សន៍ទាយពីអាចារ្យម្នាក់ បានឲ្យដឹងថា បុរសរូបនេះ យករបស់ពីក្នុងរូងភ្នំ ហើយក៏សាកសួរព័ត៌មានពីសាច់ញាតិទើបដឹងថា បុរសរងគ្រោះរូបនេះធ្លាប់បានយកកងដៃបុរាណ១០កង និង ឆ្អឹងភ្លុក ចេញពីរូងភ្នំ ទើបនារីជាភរិយាយកកងដៃនោះមកធ្វើពិធីលាបំនន់ ហើយទើបអាចយកបុរសរូបនោះចេញមកបាន ។


គួររំលឹកថា ជនរងគ្រោះឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ បានជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល ហើយខ្លួនក៏បានដើររកពិល ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មតែម្ដង ។ ជនរងគ្រោះបញ្ជាក់ថា គាត់បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។


ក្រោយពីទទួលបានមានករណីមនុស្សជាប់នៅក្នុងរូងភ្នំនេះ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នោះ បាដឹកនាំកម្លាំងជួយសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ តាមយន្តហោះចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ។

ក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានសហការគ្នារិះរកវិធី និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តរហូតទទួលបានជោគជ័យ ដោយនាំជនរងគ្រោះបានមកវិញ ដោយសុវត្ថិភាព នៅល្ងាចថ្ងៃដដែល ហើយបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕