ខេត្តបាត់ដំបង ៖ សូម​អបអរសាទរ​ផង បុរស​ម្នាក់​ដែល​រអិល​ធ្លាក់ ហើយ​ជាប់​ខ្លួន​ក្នុង​ផ្ទាំង​ថ្ម ដល់​ទៅ​៤​ថ្ងៃ​នោះ ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ 711 ជួយយក​ចេញ​ពីរូងភ្នំមក​វិញ​ ដោយជោគជ័យហើយនៅ​ម៉ោងជិត៧យប់​ថ្ងៃ​ទី​៧ សីហា ២០១៩​នេះ ។

ក្រុម​ប្រតិបត្តិការមាន​កម្លាំងចម្រុះ​ជា​ច្រើន​អង្គភាព ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ទេស​រដ្ឋមន្ដ្រី គន់ គី​ម កំពុង​ញាប់ដៃ​ញាប់​ជើង ក្នុង​ការ​សង្គ្រោះ​បឋម ដល់​បុរស​រង​គ្រោះ​ផង​ដែរ មុនដឹកតាមរថយន្តសង្គ្រោះបន្ទាន់បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

សូម​ជម្រាប​ថា នាយ​ឧត្តម​សេនី​យ៏ គន់ គី​ម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ដឹកនាំ​ក្រុម​សង្គ្រោះ​៧១១ ចុះ​ទៅ​បញ្ជា​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ដើម្បី​រក​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជាប់​ក្នុង​រូងភ្នំ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៧ សីហា ២០១៩​នេះ ឧ​ទ្ធ​ម្ភា​ចក្រ​កងកម្លាំង​កង​សង្គ្រោះ 711​កងពលតូច​70 ចេញដំណើរ​ពី​ទីបញ្ជាការ​កងពល​ចោម​ចៅ បាន​ហោះ​មក​ដល់​កន្លែង​កើតហេតុ​ហើយ ដើម្បី​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ បុរស​ម្នាក់​ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​រង​ចាំទី​នោះ​ព្យាយាម​សង្គ្រោះ​យ៉ាង​សស្រាក់​ផង​ដែរ ។

បុរស​រង​គ្រោះ​មានឈ្មោះ ស៊ុម បូ​រ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន​ស្រុក​សំពៅ​លូន ពេល​កំពុង​ឡើង​លើ​ជញ្ជាំង​ថ្ម ដើម្បី​កើប​អាចម៍​ប្រចៀវ ក៏​រអិល​ជើង​ធ្លាក់​មក​ជាប់​នឹង​ផ្ទាំង​ថ្ម រើខ្លួន​ពុំ​រួច នឹង​ជាប់​នៅ​ទីនោះ​ទាំង​ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ ពោល​គឺ​មាន​រយៈពេល​០៤​ថ្ងៃ ០៣​យប់​ហើយ បើ​គិត​មក​ទល់​នឹង​ថ្ងៃនេះ ​។

ក្រោយ​បាត់​ខ្លួន​៣​យប់​៤​ថ្ងៃ​មក ក្រុម​គ្រួ​សារបាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជួយ​អន្តរាគមន៍ និង​ក៏​បាន​នាំ​គ្នា​ដើរ​រក​ទៅ​តាម​ទីកន្លែង​ដែល​បុរស​នោះ​ធ្លាប់​បាន​ទៅ ដើរ​ប្រមូល​អាចម៍​ប្រចៀវ ហើយ​ក៏​បាន​ប្រទះ​ឃើញ​នៅ​រូងភ្នំ​មួយ​នា​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ​។ តែ​ទោះ​យ៉ាងនេះ​ក្តី បុរស​រូប​នោះ នៅ​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​យក​ចេញពី​រូង​ថ្ម​នោះ​បាន​នៅឡើយ​ដែរ ហើយ​ពេល​នេះ​សមត្ថកិច្ច ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​ ។

សូម​ទស្សនា​វី​ដេ​អូ​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក Chea Kry បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ចេញពី​កន្លែង​កើតហេតុ​៖