ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើយ ដោយរថយន្តចំនួន៣គ្រឿង បុកគ្នានៅផ្លូវជាតិលេខ៤ ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ជិតស្ពានកំពង់សីលា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បើកបរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ (អ្នកបើកបររត់គេចបាត់) បានបើកបរបោះពួយយ៉ាងលឿន។

លុះពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈតេលា មានទិសដៅផ្ទុយគ្នាពីក្រុងព្រះសីហនុទៅភ្នំពេញ ដែលបើកបរដោយឈ្មោះសុំ ចាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្តាលអោយរថយន្តដឹកប្រេងតេលា រេចង្កូតទៅប៉ះជាមួយរថយន្តម៉ាកឡង់គ្រីសស័រ ពណ៌ស គ្មានស្លាកលេខ មានទិសដៅ ពីភ្នំពេញទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះសែន សុភ័ក្រ្ត ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយរថយន្តទាំង៣គ្រឿង រងការខូចខាត តែសំណាងល្អ មិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំធ្វើកាដោះស្រាយគ្នាតាមនីតិវិធី៕