ខេត្តកំពត៖ ជនសង្ស័យម្នាក់ បានទូរស័ព្ទហៅក្រមុំវ័យ១៨ឆ្នាំម្នាក់ឲ្យមកផ្ទះរបស់ខ្លួន រួចចាប់បង្ខំរំលោភសេពសន្ធ:វ: រហូតបានសម្រេច ហើយបានបង្ខាំងទុកផ្ទះចំនួន៣ថ្ងៃ រំលោភបានសម្រេច៥ដងទៀតទៀតទើបព្រមដោះលែងវិញ ត្រូវនារីរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍អង្គរមាស ឲ្យចាប់ខ្លួននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់។

នារីរងគ្រោះ ឈ្មោះ អឹង ដៀប ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ចំណែកជនសង្ស័យ ឈ្មោះ វង្ស សៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជាមួយគ្នា។
នារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងែទី៣ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានទូរស័ព្ទហៅនាងឲ្យមកផ្ទះគេ ។ ពេលខ្លួនទៅដល់ឈ្មោះ វង្ស សៅ បានអូសខ្លួនឡើងលើផ្ទះ លួងលោមចាប់បង្ខំរំលោភសេពសន្ថវ: រហូតបានសម្រេច ហើយបានចាក់សោបង្ខាំងនាងទុកក្នុងផ្ទះ ដើម្បីរំលោភសេពសន្ថវ: បន្តទៀត រយៈពេល៣ថ្ងៃ រហូតដល់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឃើញនាងអង្វរដោយពាក្យសំដីផង និងលះបង់ខ្លួនប្រាណផង ទើបជនសង្ស័យ ព្រមដោះលែងឲ្យមកផ្ទះវិញ ។

នារីរងគ្រោះបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃដែលជនសង្ស័យចាក់សោបង្ខាំងនាងទុកក្នុងផ្ទះនោះ ជនសង្ស័យចាប់រំលោភសេពសន្ថវ:នាងបានចំនួន៦ដង។ ក្រោយពេលរួចផុតពីក្រញាំជននោះភ្លាម នាងក៏បានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍អង្គរមាស ភ្លាមៗផងដែរ ។
ក្រោយពេលទទួលបានបណ្តឹងពីជនរងគ្រោះ លោកអធិការនគរបាលស្រុកដងទង់ បានចាត់កម្លាំងឲ្យតាមរកជនជាប់ចោទ រហូតឈានដល់ការឃាត់ខ្លួននាំទៅសាកសួរតែម្តង ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនោះមែន ហើយថាការធ្វើបែបនេះ ផ្តើមចេញពីការស្រឡាញ់ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕