ខេត្តកណ្តាល៖ យុវជនម្នាក់ តែងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ឡើងរាប់ភ្លេច ហើយតែងរត់គេចខ្លួនដោយសុវត្ថិភាពជានិច្ច លុះធ្វើសកម្មភាពលួចចុងក្រោយ ត្រូវជនរងគ្រោះប្រទះឃើញ ក៏ចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ចាប់ខ្លួនកំពូលចោរវ័យក្មេងនេះ បានធ្វើឡើង កាលពីវេលាម៉ោង១ និង៤៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល។

ជនសង្ស័យដែលអស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ចនេះ មានឈ្មោះជាវ រុន ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ដកហូតសោ១ចង្កោម មាន៧កូនសោ ។ ចំណែក ជនរងគ្រោះ មានឈ្មោះស៊្រុន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារបន្ទាប់ រួចដេកនៅក្រោមផ្ទះក្រៅបន្ទប់ ដោយយកកូនសោដាក់ក្រោមពូក លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះភ្ញាក់ឡើងបានឃើញជនសង្ស័យពួនក្រោមគ្រែ ទើបចាប់ខ្លួនជនសង្ស័យតែម្តង ហើយបានរួចរាយការណ៍ប្រាប់សមត្ថកិច្ច មកយកជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ដំបូងឡើយខ្លួនបានចូលបើកទូរើកកាយរកលុយនៅផ្ទះក្បែរនោះមួយរួចមកហើយពុំមានលុយសោះ ទើបខ្លួនចូលមកផ្ទះមួយទៀតលួចបានកូនសោបន្ទប់មួយចង្កោម ដែលទុកក្រោមពូកក្បាលដំណេក ហើយដើរទៅរកបន្ទប់ទុកម៉ូតូ។ ពេលកំពុងតែចាក់សោមិនទាន់បានផងត្រូវម្ចាស់ភ្ញាក់ទាន់ ទើបខ្លួនរត់ចូលពួនក្រោមគ្រែ ហើយក៏ត្រូវម្ចាស់ផ្ទះចាប់ខ្លួនបានតែម្តង ។


ជនសង្ស័យសារភាពបន្តថា កន្លងមក រូបគេធ្លាប់ចូលលួចផ្ទះជនរងគ្រោះចំនួន២លើកមកហើយ ដោយយកបានទូរស័ព្ទ២គ្រឿង និងលុយមួយចំនួន ឯផ្ទះអ្នកភូមិនៅក្បែរៗនោះខ្លួនបានលួចយកលុយ និងទូរស័ព្ទជាច្រើនលើក ចាំមិនអស់ទេ ហើយតែងរត់គេចខ្លួនជាបន្តបន្ទាប់ ទើបតែមកត្រូវអស់លក្ខណ៍នៅពេលនេះ ។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់៕