ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ គណនីហ្វេសបុកតេជគុណ វឿន សារឿន ដែលគង់នៅវត្តវត្តប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានថតបង្ហោះក្មេងស្រីម្នាក់ ដែលមានអាយុត្រឹមតែ១០ឆ្នាំសោះ តែមានរូបរាងស្បែកជ្រីវជ្រួញ មើលទៅដូចជាយាយចាស់ អាយុ៦០ឆ្នាំ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរក្មេងស្រីរូបនោះ ជាពន់ពេក។


ក្មេងដែលមានមុខចាស់ដូចយាយអាយុ៦០ឆ្នាំនេះ មានឈ្មោះ អ៊ូ រ៉ាឈីង អាយុ១០ឆ្នាំ រៀនថ្នាក់ទី១ នៅបឋមសិក្សាប្ញស្សីស្រស់ទេ មានលំនៅដ្ឋានបច្ចុប្បន្នស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលស្រ្តីជាម្តាយមានរបរជាអ្នកលៀងចាន ចំណែកបុរសជាឪពុកបានសាងផ្នួសជាសង្ឃ គង់នៅវត្តថ្មដូង ។


នៅពេលដែលព្រះតេជគុណវឿន សារឿន សួរនាំ ក្មេងមុខចាស់ អ៊ូ រ៉ាឈីង ឆ្លើយថា «នាងមានមុខចាស់អ៊ឹង មានអារម្មណ៍ខ្មាសគេណាស់ តាមពិតទៅនាងក៏ចង់ស្អាតដូចក្មេងដទៃទៀតដែរ ចង់ទៅកែសម្ផស្សដែរ…។ ពេលជិះកង់មករៀន ក្មេងៗដូចគ្នាតែងហៅនាងថា យាយចាស់»។


តែយ៉ាងណា ក្មេងស្រីរូបនេះ គិតថា នាងកើតពីផ្ទៃម្តាយមកគឺមានសម្ពាយកម្មមកជាមួយ ទើបធ្វើឲ្យនាងមានមុខចាស់ឆ្ងាយជាងវ័យបែបនេះ ហើយក្នុងវេលាណាដែលនាងអស់កម្ម មុខរបស់នាងនឹងប្រែក្លាយស្រស់ស្អាតដូចគេឯងហើយ​ ៕


សូមទស្សនាវីដេអូ ខាងក្រោម ៖