ភ្នំពេញ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះប រមរាជវាំង។ ឯកឧត្តមប្រធានាធិបតី នឹងជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុង វិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។

ថ្នាក់ ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ បារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី និង សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញទៅកាន់ វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូន ដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក ឯកឧត្តម នឹងអញ្ជើញចូលរួមក្នុង ពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួល អំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិក គណៈ ប្រតិភូ ក៏នឹង អញ្ជើញទៅទស្សនា ប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។ សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ ឯកឧត្តមប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ ពង្រឹងចំណងមិត្តភាព និង ពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា និងស្រីលង្កា៕