ខេត្តកំពង់ឆ្នាំង ៖ លោកសុខ ឧត្តម ប្រធានស្ថានីយ៍វិទ្យុរិទ្ធិសែន និងជានាយកគេហទំព័រRithy-news (រិទ្ធិសែនព័ត៌មាន) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ បានចូលទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបំភ្លឺជូនលោកឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធពីបទញុះញង់ និងបរិហារកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោកលន់ ឡន ហៅឡុង។


នៅពេលលោកសុខ ឧត្តម ចូលបំភ្លឺជូនតំណាងអយ្យកាអមសាលាដំបូងខេត្ត នាព្រឹកមិញនេះ គេសង្កេតឃើញមានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋមួយចំនួនបានមកប្រមូលផ្តុំគ្នានៅខាងក្រៅរបង ដើម្បីឃ្លាំមើលអំពីចំណាត់ការបស់តុលាការ។


ក្រោយពេលចូលទៅបំភ្លឺព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង អស់រយៈពេល១ម៉ោងនិង៣០នាទី លោកសុខ ឧត្តម មិនត្រូវបានឃុំខ្លួនទេ គឺនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែលនេះ លោកសុខ ឧត្តម ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យចេញមកវិញ និងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ។


លោកសុខឧត្តមបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ខាងអយ្យកាកំណត់ឱ្យលោករកឯកសារបន្ថែម ដើម្បីដោះបន្ទុក និងត្រូវចូលខ្លយនទៅបំភ្លឺម្តងទៀតនៅថ្ងៃទី២៧ ខែសីហា ខាងមុខ។
សូមបញ្ជាក់ថា លោក សុខ ឧត្តម ប្រធានស្ថានីយវិទ្យុរិទ្ធិសែន និងជានាយកគេហទំព័រ Rithy-news(រិទ្ធិសែនព័ត៌មាន) ក្រៅពីមានបណ្តឹងរបស់លោកលន់ ឡន ហៅឡុង លោកក៏នៅមានបណ្តឹងចំនួន២ផ្សេងទៀតពីបទចោទញុះញង់ និងបរិហាកេរ្ត៍ ដូចគ្នានេះដែរ ៕