ហ៊ីរ៉ូស៊ីម៉ា៖ ចាប់ពីអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ក្នុងឆ្នាំ១៩៤៥ មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នេះគឺជាខួប ៧៤ ឆ្នាំ ហើយបន្ទាប់ពី សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ប្រទេសជប៉ុន ដែលកាលណោះបានឆក់យកជីវិតមនុស្ស ១៤០,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ ត្រូវបានចូលរួមដោយមន្ត្រីរាជការ ភ្ញៀវអន្តរជាតិ និងពលរដ្ឋជប៉ុនសរុប ៥០,០០០នាក់ នៅក្នុងឧទ្យាននៃការចងចាំដល់សន្តិភាព (Peace Memorial Park) ស្ថិតនៅក្បែរទីតាំង Ground Zero នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាផ្ទាល់។ ស្ថិតក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ…»។

លោក អាបេ ក៏បានសង្កត់ធ្ងន់ផងដែរក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់បានរងគ្រោះ ដ៏ជូរចត់បំផុតដោយសារគ្រាប់បែកអាតូមិក កាលពីសម័យសង្គ្រាមនោះ កាតព្វកិច្ចរបស់ជប៉ុនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះ គឺគ្មានការផ្លាស់ប្តូរឡើយ ទោះបីជាឈានចូលមកដល់រជ្ជកាលរៃវ៉ា (Reiwa) នៃព្រះចៅអធិរាជអង្គថ្មីក៏ដោយ។

គួរបញ្ជាក់ថា គ្រាប់បែកអាតូមិកមួយគ្រាប់ ដែលមានស្នូលពោពេញដោយសារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុននៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សសរុប ១៤០,០០០នាក់។

បន្ថែមពីនេះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល អាមេរិក៏បានទម្លាក់មួយគ្រាប់ទៀត ទៅលើទីក្រុងណាហ្គាសាគិ (Nagasaki) ដែលជាហេតុធ្វើឲ្យជប៉ុនព្រមចុះចាញ់សង្គ្រាមលោកលើកទីពីរ៕