ភ្នំពេញ៖ ស្រីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៥០០០០ដុល្លារ ត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុម៧ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលដែលឃាត់ខ្លួន ។

ចំណែកជនរងគ្រោះឈ្មោះ ស៊ូ ធី វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៤៥ ផ្លូវលេខ១២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដំណើរដើមរឿង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ចំនួន១០០០០ដុល្លារ ដោយសន្យាដឹកខ្សាច់ឲ្យជនរងគ្រោះ លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ចំនួន៤០០០០ដុល្លារទៀត ដោយសន្យាដឹកខ្សាច់ឲ្យជនរងគ្រោះ។ តែជនសង្ស័យពុំបានដឹកខ្សាច់ឲ្យជនរងគ្រោះតាមការសន្យាទេ បែរជាព្យាយាមគេចខ្លួនទៅវិញ ។
លុះដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី ចៃដន្យ ជនរងគ្រោះបានជួបជនសង្ស័យនៅចំណុចផ្លូវបេតុងក្រុមទី៧ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចាត់ការតាមច្បាប់តែម្ដង ៕