ភ្នំពេញ៖ សព នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បន្ទាប់ពីបងធំទី២ និងជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិតេយ្យ បានដឹកទៅដល់គេហដ្ឋានរបស់គាត់ ដែលស្ថិតនៅផ្សារព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា៖ «សាកសព នួន ជា ត្រូវបានធ្វើនីតិវិធីប្រគល់ជូនដល់ក្រុមគ្រួសារ និងបានដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅម៉ោង ៤៖៤៧នាទីព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។ សពជនជាប់ចោទ នួន ជា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តមួយស្ថិតក្នុងទីលំនៅរបស់គាត់ នៅខេត្តប៉ៃលិន។ សពបានទៅដល់ទីកន្លែងពិធីបុណ្យនៅម៉ោង ១២៖៣០នាទី» ហើយនឹងត្រូវបូជានៅវត្តព្រំគិរីមរកត នៅខេត្តប៉ៃលិន។

នួន ជា បានទទួលមរណភាព នៅវេលាម៉ោង ៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។

នួន ជា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន៕