ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋកាប់គាស់ដីធ្វើចម្ការ ស្រាប់តែប្រទះឃើញកេសដែកជាច្រើន ខំត្រេកអរ ស្មានតែកេសដាក់មាសពេជ្រ គេកប់ទុក លុះបើកមើល ទើបដឹងថា ជាកេសដាក់គ្រាប់កាំភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ ក្នុងដីព្រៃមួយកន្លែងក្បែរអូរព្រំដែន ក្នុងចំណុច39TV 163 635 ស្ថិតក្នុងក្រុមទី០៣ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋទៅកាប់គាស់ដីធ្វើចម្ការ នៅចំណុចខាងលើ ស្រាប់តែប្រទះឃើញកេសដែកជាច្រើន ខំត្រេកអរ ស្មានតែកេសដាក់មាសពេជ្រ គេកប់ទុក លុះបើកមើល ទើបដឹងថា ជាកេសដាក់គ្រាប់កាំភ្លើង ក៍បានការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ ឃើញយុទ្ឋភ័ណ្ឌជាសំណល់ពីសង្រ្គាមមានគ្រាប់កាំភ្លើងចម្រុះចំនួន៥៤កេស រួមមាន ៖ គ្រាប់កាំភ្លើងប្រភេទ RPK ចំនួន០៩កេស គ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន ០១កេស និងគ្រាប់កាំភ្លើងប្រភេទ 12,7 ចំនួន ៤៤កេស។

ក្រៅពីនោះមានគ្រាប់កាំភ្លើងជាច្រើនប្រភេទទៀតនៅក្នុងរណ្តៅដីជ្រៅ ដែលសមត្ថកិច្ចនគរបាល មិនអាចជីកគាស់ដោយដៃទទេបាន និងមិនមានលក្ខណៈ បច្ចេកទេសជំនាញច្បាស់លាស់ ទើបនគរបាលស្រុកភ្នំព្រឹក ដាក់ខ្សែបម្រាមហាមប៉ះពាល់ និងបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់ម៉ីនកម្ពុជា CMAC ដើម្បីបន្តរុករកតាមជំនាញ។


លោកអធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា យុទ្ធភ័ណ្ឌ ទាំង ៥៤កេសនេះ កប់នៅក្នុងដីយូរហើយ ដែលទំនងក្នុងអំឡុងពេលនៃសម័យសង្រ្គាមបង្ហូរ ឈាមពីអតីតកាល ហើយទីតាំងនេះ ស្ថិតនៅកៀក បំផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក៏ដោយយុទ្ឋភ័ណ្ឌជាគ្រាប់កាំភ្លើងចម្រុះទាំងនេះ មានតែគ្រាប់ប្រភេទ 12,7 ប៉ុណ្ណោះ ដែលអាចនៅប្រើប្រាស់បានខ្លះ ឯគ្រាប់កាំភ្លើងផ្សេងពីនេះ មានសភាពពុកផុយប្រើការលែងកើតហើយ៕