ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់ សង្ស័យបែកថ្នាំ មិនដឹងមកពីណានោះទេ បានរត់ចូលមកក្នុងការ៉ាស់សាំងតេលា ចូលអុកឡុកគេឯងនៅក្នុងផ្សារម៉ាត និងទាញទុយោសាំងបាញ់ចោលអស់ប្រហែលជា ៦ទៅ៧ លីត្រ ត្រូវបានសន្តិសុខចាប់ចង។


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ នៅចំណុចការ៉ាស់សាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


មុនពេលកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) វ័យអាយុប្រហែលជា៣០ឆ្នាំ សង្ស័យបែកថ្នាំ បានជាពាក់តែអាវ អត់មានស្លៀកខោ បានរត់សំដៅចូលក្នុងផ្សារម៉ាតការ៉ាស់សាំងតេលា នៅផ្លូវជាតិលេខ៥ ស្ថិតក្បែរគល់ស្ពានជ្រោយចង្វារ ខាងលិច ហើយអុកឡុកគេឯងក្នុងផ្សារម៉ាត បណ្តាលឲ្យផ្អើលភ្ញៀវរត់ចេញក្រៅអស់ ទើបសន្តិសុខ ចាប់ចេញក្រៅវិញ រួចចងដៃចងជើង ។


តែជនជាតិបរទេសនោះ មានរបួសបាតជើងខាងឆ្វេង និងបែកមុខបែកមាត់ មិនដឹងថាមានអ្នកវាយធ្វើបាប ឬមួយមានស្រីលួចយកកាបូបលុយ ហើយដាក់ថ្នាំនោះទេ គឺគាត់គិតតែពីនិយាយម្នាក់ឯង ពេលគេសួរនាំទៅ ស្តាប់គ្នាមិនបានសោះ ។


សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការឃាត់ខ្លួនជនជាតិបរទេសនោះ យកទៅប៉ុស្តិ៍ស្រះចក ដើម្បីប្រគល់ទៅឲ្យខាងអន្តោប្រវេសន៍ ចាត់ការតាមនីតិវិធីផ្លូវច្បាប់៕