ខេត្តកណ្តាល៖ នារីចំនួន៥នាក់មានចិត្តតែ១ ពេលប្តីមិននៅក្បែរអផ្សុកពេក បានបបួលគ្នាលេងបៀ តែដឹងអី ខណៈដែលពួកនាងកំពុងតែសប្បាយភ្លេចនឹងល្បែងស៊ីសង ស្រាប់តែមានកម្លាំងសមត្ថកិច្ចទៅដល់ល្មម ចាប់នាំខ្លួនមកប៉ុស្តិ៍ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះឡន សាវឿន ស្ថិតនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ។

ក្រុមនារីដែលកំពុងអង្គុយព័ទ្ធលេងបៀរ ត្រូវសមត្ថកិច្ចចាប់ខ្លួនេះ ទី១.ឈ្មោះលឹម ចន្ធូភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មារិនីរោងចក្រ ទី២.ឈ្មោះតឹក ស្រីណុច ភេទស្រីអាយុ២៤ឆ្នាំ មុខលក់ដូរ ទី៣.ឈ្មោះទិត្យ សុវណ្ណ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ ទី៤.ឈ្មោះសុខ ចន្ធីភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី៥.ឈ្មោះវង់ គឹមហុង ភេទស្រី មុខរបរលក់ដូរ ។ អ្នកទាំង៥នាក់ មានទីលំនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលចាប់ខ្លួននារីទាំង៥នាក់ខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានលេងល្បែងស៊ីសងខុសច្បាប់នៅចំណុច ផ្ទះឈ្មោះ ឡន ណាវឿន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា បានសហការជាមួយកម្លាំងនគរបាលស្រុកស្អាង បានចុះមកដល់កន្លែងកើតហេតុបានឃើញមនុស្សលេងបៀចំនួន៥នាក់បាននាំខ្លួនអ្នកទាំងអស់មកប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា ដើម្បីសាកសួរ និងស្នើសុំគោលការណ៍អប់រំ ឲ្យបញ្ឈប់លេងល្បែងស៊ីសងតទៅទៀត ក្នុងករណីមិនរាងចាល បើសមត្ថកិច្ចធ្វើការចាប់ខ្លួនបានជាលើកទី២ ប្រហែលជាមិនមានសំណាងត្រឡប់ទៅផ្ទះវិញ ដោយងាយស្រួលឡើយ ពេលនោះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕