ខេត្តព្រះសីហនុ ៖ ចាប់តាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី០៥ នេះ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប្រចាំ និងបានធ្វើឲ្យតំបន់ទំនាបមួយចំនួន ដូចជានៅស្ពានអូរសំអាត និងតំបន់ទំនាបខ្លះទៀត ក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កំពុងទទួលរងលិច ដោយសារទឹកភ្លៀង។

លំនៅដ្ឋានពលរដ្ឋមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប កំពុងតែទទួលរងជំនន់ទឹកភ្លៀងបានហូរចូលដល់ក្នុងផ្ទះ ក្រោយមានភ្លៀងខ្លាំងកាលពីយប់រំលងអាធ្រាត្ររហូតដល់ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ។


តែយ៉ាងណា អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីលោក គួច ចំរើន អភិបាលខេត្ត បានធ្វើការដោះស្រាយជាបណ្តើរៗ ដូចជាឲ្យគ្រឿងចក្រ (អាអ៊ិច) កាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម ជាសុទ្ធជាបញ្ហានាំឲ្យស្ទះផ្លូវទឹកហូរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៤ សីហាដល់ថ្ងៃ១០ សីហា ឆ្នាំ២០១៩ ប្រទេសម្ពុជាយើងទទួលរងឥទ្ធិពលព្យុះពីប្រទេសជិតខាង ។លក្ខណៈបែបនេះ ខេត្តជាប់នឹងសមុទ្រមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន អាចណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវ ឬលំនៅដ្ឋានពលរដ្ឋតាមតំបន់ខ្លះ ចំណែក នៅបណ្តាខេត្តផ្សេងទៀត មានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងពីមធ្យមទៅបង្គួរ៕