ខេត្តបន្ទាយមានជ័យ៖ នៅសុខៗ ស្រាប់តែមានករណីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះសង់ពីឈើប្រក់ស័ង្កសីមួយខ្នង ឆេះខ្ទេចខ្ទីអស់ គ្មានសល់ខាងត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១០ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខាងត្បូងផ្សារហ៊ុយឡេង ក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ស្រីជាម្ចាស់ផ្ទះមានឈ្មោះ ហ៊ុន សុភី ភេទស្រី អាយុ ៤៣ឆ្នាំ និងប្តីមានឈ្មោះ គឹម លាង អាយុ ៤៤ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ឯផ្ទះដែលត្រូវភ្លើងឆេះអស់នោះ មានបណ្ដោយ៧ម៉ែត្រ និងទទឹង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។

មុនពេលកើតហេតុ ស្រីជាប្រពន្ធម្ចាស់ផ្ទះបានចេញពីផ្ទះទៅយកកូន ដែលបានទៅទទួលសញ្ញាបត្រនៅសាលា ចំណែកបុរសជាប្តី ក៏ចេញពីផ្ទះដែរ ដោយបានចាក់ទ្វារផ្ទះចោល ។ ស្រាប់តែនៅម៉ោង១០ព្រឹកនោះ គេឃើញភ្លើងឆេះចេញពីក្នុងផ្ទះ មួយសន្ទុះក្រោយមក ស្រាប់តែភ្លើងឆេះពេញទំហឹងតែម្តង។

ភ្លាមៗនោះមានប្រជាពលរដ្ឋជិតខាង និងកម្លាំងនគរបាលក្រុងសិរីសោភ័ណចំនួន ១៥នាក់ និងកម្លាំងអាវុធហត្ថចំនួន៣០នាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកជួយធ្វើការអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕