នៅប៉ុន្មានឆ្នាំនេះ ខ្យងចង្រៃបានស៊ីបំផ្លិចបំផ្លាញស្រូវកសិករជាខ្លាំង ធ្វើឲ្យការទទួលផលមិនបានល្អប្រសើរ ហើយកសិករខ្លះបានប្រើថ្នាំគីមីដើម្បីសម្លាប់វា តែឥឡូវនេះប្រជាកសិករ លែងបារម្មណ៏ពីបញ្ហានេះទៀតហើយ ដោយយកតែសំបកខ្នុរដាក់ក្នុងស្រែ គឺអាចកម្ចាត់ខ្យងចង្រៃនេះបានយ៉ាងស្រួល។

សំបកខ្នុរ មានក្លិនក្រអូប ដែលអាចទាក់ទាញខ្យងឲ្យមកស៊ីជាអាហារ។ ដំបូងឡើយកសិករត្រូវទិញផ្លែខ្នុរយកមកហូបជាធម្មតា ប៉ុន្តែត្រូវរក្សាទុកសំបកវា ហើយយកសំបកនោះមកដាក់ក្នុងស្រែ ពេលនោះខ្យង នឹងនាំគ្នាមកស៊ីសំបកខ្នុរ កសិករមិនចាំបាច់ដើរប្រមូលខ្យងបំផ្លាញស្រូវក្នុងស្រែទៀតទេ គ្រាន់តែចាប់ប្រមូលចេញយកទៅបោះចោល ឬក៏អាចយកទៅធ្វើជាម្ហូបសម្រាប់បរិភោគក៏បានដែរ។

សូមបញ្ជាក់ថា កសិករអាចដាក់សំបកខ្នុរតិច រឺច្រើនតាមចិត្តចង់ ហើយចង់ដឹងថាវិធីនេះមានប្រសិទ្ធភាពយ៉ាងណា កសិករអាចយកទៅអនុវត្តន៏ខ្លួនឯងក៏បាន ៕