ប្រទេសថៃ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចថៃ បានបញ្ជាក់ថា អគ្គិភ័យចំនួន ៤ បានកើតឡើងនៅតំបន់ប៉ាទូណាម (Pratunam) ។ អគ្គិភ័យទីមួយ បានកើតនៅម៉ោង ៥:១៨ នាទីព្រឹក ចេញពីអគារមួយជាន់។ ប្រហែល កន្លងម៉ោងក្រោយមក អគ្គិភ័យមួយទៀត នៅម៉ោង ៥:៣៨ នាទី បានកើតឡើងនៅសណ្ឋាគារ Indra Regen Hotel ។ រួចនៅម៉ោង ៥:៤១ នាទីព្រឹក អណ្ដាតភ្លើងឆាបឆេះ ចេញពីតូបលក់សម្លៀងបំពាក់ ក្រោមសណ្ឋាគារ Indra Regen Hotel ។ ហើយ នៅម៉ោង ៧ព្រឹក ភ្លើងបានឆេះ នៅផ្សារ Chalerm Larp នៅតំបន់ប៉ាទូណាម។

គេសង្កេតឃើញថា អគ្គិភ័យ បានកើតឡើង នៅក្បែរទីតាំងផ្ទះសំណាក់ DD House ដែលប្រជាពលរដ្ឋខ្មែរ និយមទៅសម្រាក ពេលទៅកម្សាន្តនៅថៃ។ អគ្គិភ័យទាំងនេះ បានកើតឡើង មុននឹងទីក្រុងបាងកក ត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែក ចំនួន ៣ទីតាំងផ្សេងគ្នា នាព្រឹកថ្ងៃដដែល។ តាមសេចក្ដីរាយការណ៍ ការបំផ្ទុះគ្រាប់បែកនេះ ធ្វើឱ្យមនុស្ស ២នាក់រងរបួស។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យប្រជាពលរដ្ឋ កុំមានភាពច្រូលច្របល់ និងបានណែនាំឱ្យប៉ូលិស ស៊ើបអង្កេតរកក្រុមជនបង្ក ដែលមានពីក្រោយការវាយប្រហារគ្រាប់បែក អំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសុទ្ធតែប្រមុខការទូតអាមេរិក និងចិន មកចូលរួម៕