បាងកក ៖ សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង ត្រូវ​បាន​គេ​ឮ ចេញពី​កន្លែង​ផ្សេង​ៗ​គ្នា យ៉ាង​ហោច​ណាស់​មាន​៣​កន្លែង​ នៅ​ក្នុង​ទីក្រុង​បាងកក នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០២ សីហា ២០១៩​នេះ ដោយ​មនុស្ស​២​នាក់ ត្រូវ​បាន​ប៉ូលិសរាយការណ៍​ថា បាន​រង​របួស ។

ប៉ូ​លី​ស​ថៃ​បាន​រាយការណ៍​ថា សំឡេង​ស្រ​ដៀង​នឹង​ការ​ផ្ទុះ​គ្រាប់បែក នៅ​ស្ថានីយ៍ BTS ប្រហែល​ម៉ោង​០៨​និង​៥០​ព្រឹក ។ កម្លាំង​ប៉ូ​លី​ស​ក៏​បាន​ព័ទ្ធ​ជុំវិញ ដី​ក្បែរ​ច្រកចេញ​ទាំង​ពីរ ហើយ​បាន​បិទ​ច្រកចេញ ចំនួន​ទី​៣ និង​ទី​៤ ដោយសារ​ហេតុផល​សុវត្ថិភាព ដើម្បី​ពិនិត្យ​មើល​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ ពិសេស​នៅ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហាញ​ថា កញ្ចក់​មួយ​សន្លឹក​នៅ​លើ​វេទិកា នៃ​ស្ថានីយ៍ ត្រូវ​បាន​បែក​ខ្ទេចខ្ទី ។

ដោយឡែក ប៉ូ​លី​ស​ក៏​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយទៀត នៅ​លើ​ផ្លូវ​រ៉ា​ម៉ា ៩ បណ្តាល​អោយ​អ្នក​សម្អាត​ផ្លូវ​ក្រុង​ចំនួន ២ នាក់ បាន​រង​របួស​ផង​ដែរ នៅ​វេលា​ម៉ោង ៨​និង​៥០​នាទី ក្នុង​ពេល​ដំណាលគ្នា ។

ខណៈនេះ ប៉ូ​លី​ស​កំពុង​បើក​ការ​ស៊ើបអង្កេត​នៅ​កន្លែង​កើតហេតុ ៕