យុវជនគំរូម្នាក់ ដែលបានបញ្ចាប់ការសិក្សាផ្នែកកសិកម្មលោកបឿន វិបុល ដោយមិនបង្អន់បង្អែរយូរមើលឃើញពី ឱកាសវិស័យកសិកម្មទីផ្សារក្នុងប្រទេសកម្ពុជា ​​​ក៏បានយកចំណេះ និងជំនាញដែលខ្លួនបានរៀនសូត្រទាំងប៉ុន្មាន ទៅប្រកបមុខរបរបណ្តុះផ្សិតចំបើង ហើយសព្វថ្ងៃនេះអាជីវកម្មខ្នាតតូចលក់មេផ្សិតចំបើងនៅខេត្តបាត់ដំបងនេះ កំពុងតែមមាញឹកខ្លាំងក្នុងផលិតមេផ្សិតដើម្បីផ្គត់ផ្គង់ការកុម៉្មង់របស់អតិថិជនស្ទើរគ្រប់ខេត្តក្រុង​ ប្រកបទៅដោយភាពជោគជ័យ។

គាត់ក៏បានរៀបរាប់បន្តទៀតថា ក្រោយពីចប់ការសិក្សាផ្នែកកសិកម្មក្នុងឆ្នាំ២០១៥ លោកគ្មានចំណាប់អារម្មណ៏ធ្វើការឲ្យគេទេ លោកគិតថាបើខ្ញុំចេញរកស៊ីឲ្យខ្លួនឯងនោះវា នឹងមានភាពចំណេញច្រើន ណាមួយខ្លួនក៏ចង់យកចំណេះដែរខ្លួនឯងមានយកមកដកបទពិសោធន៏ដែរ ដោយគិតឃើញដូចនេះហើយក៏ចាប់របរបណ្តុះមេផ្សិតតែម្តង រួមជាមួយនិងដើមទុន ៥០០ដុល្លារដែលបានសន្សំពីការធ្វើការក្រៅម៉ោងសិក្សា ចាប់តាំងពីរៀនឆ្នាំទី៣មកម្លេះ ដើម្បីចាប់ផ្តើមរបរក្នុងក្តីស្រមៃ។

សហគ្រិនវ័យជោគជ័យរូបនេះ ថា​បច្ចុប្បន្នអាជីវកម្មខ្នាតតូច​នេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនតាមបណ្តាលខេត្តក្រុងជារៀងរាល់ខែ​ មិនក្រោមជាង៤ពាន់ដុំឡើយ ​ដោយមេផ្សិតក្នុង១ដុំតម្លៃ១ពាន់រៀល​ ដែលអាចទាញចំណូលក្នុងមួយខែមិនតិចជាង១ពាន់ដុល្លារឡើយ។​ លោក វិបុល បង្ហើបដែលថា​” មេផ្សិតលោកបណ្តុះ​តែងទទួលបានការកោតសសើរពីអិតិថិជនមិនដាច់ពីមាត់ ពីគុណភាពល្អ ពោលគឺទិន្នផលអាចទទួលបាន១គីឡូចេញពីមេផ្សិតក្នុងមួយដុំ”។

កសិករគំរូរូបនេះបានបន្ថែមទៀតថា ការដាំផ្សិតដែលអាចទទួលបានទិន្នផលខ្ពស់ពឹងទៅលើកត្តា៣យ៉ាងសំខាន់ៗនោះគឺ ទី១មេផ្សិត ទី២បច្ចេក​ទេស និងទី៣អាកាសធាតុ។ កសិករត្រូវតែមានបច្ចេកទេសច្បាស់លាស់ក្នុងការដាំដុះ​ នឹងជួយឲ្យកសិករទទួលបានទិន្នផលច្រើនរាប់ចាប់ពីការរៀបចំកន្លែង ការសម្លាប់មេរោគ ការដាក់មេ ផ្តាច់សរសៃរ ពិសេសពេល​ចេញកូន​ផ្សិត គឺត្រូវគ្រប់គ្រងកម្តៅ និងសំណើមត្រឹមត្រូវ ៕