បរទេស ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសមិនអនុញ្ញាតឱ្យមានការនាំចូលម្ទេសពីប្រទេសវៀតណាម ឡើយ រហូតដល់ចុងឆ្នាំ២០១៩ ដោយសារតែមន្ត្រីជំនាញរបស់ប្រទេសនេះ បានរកឃើញសារធាតុគីមីលើសកម្រិត ក្នុងម្ទេសដែលនាំចូលពីវៀតណម ដែលធ្វើឲ្យប៉ះពាល់សុខភាពចំពោះអ្នកបរិភោគ។

កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ ឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក ស៊ី ត្សេត្ស៊ីន (Sim Tze Tzin) បានបញ្ជាក់ទៀតថា ការសម្រេចចិត្តដូចខាងលើនេះ គឺដោយសារតែម្ទេសក្រហមនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីជំនាញរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតដែលអនុញ្ញាត។

លោក Sim បានសង្កត់ធ្ងន់ថា ខាងរដ្ឋាភិបាលម៉ាឡេស៊ី នឹងលុបចោលបម្រាមនេះទៅវិញ ក្នុងករណីភាគីវៀតណាមបំពេញតាមលក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់ពីគុណភាពម្ទេស ទៅតាមបទដ្ឋានស្ដង់ដារ មិនមានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពចំពោះអ្នកបរិភោគ៕