វៀតណាម៖ កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្ត Gia Lai បានដាក់កម្លាំងចាំស្ទាក់រថយន្តដឹកឈឺខុសច្បាប់ ហើយខណៈពេលនោះស្រាប់តែមានរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងបានបង្ហាញខ្លួន ហើយក៏បានបើកបំបុករថយន្តដែលដាក់ស្ទាក់ផ្លូវរបស់ប៉ូលិសតែម្ដង ដោយបណ្ដាលឲ្យអនុសេនីយ៍ឯកម្នាក់ រងរបួសធ្ងន់ស្ទើរស្លាប់ខ្លួន ។ 

ជនល្មើស

ប្រភពបានរៀបរាប់ថា ស្នងការនគរបាលខេត្ត Gia Lai បានទទួលសេចក្ដីរាយការណ៍អំពីមុខសញ្ញាជនសង្ស័យដែលដឹកឈើខុសច្បាប់ ដោយមានឈ្មោះថា ង្វៀន ថាញ់ហុង អាយុ ៣៣ឆ្នាំ មានទីលំនៅនៅតាយសឺន ទីប្រជុំជនអានឃាង ខេត្ត Gia Lai  ទើបបានដាក់កម្លាំងចាំស្ទាក់ឃាត់ខ្លួនមកប៉ុស្តិ៍ប៉ូលិស ។ 

ដូចអ្វីដែលប៉ូលិសគិតទុកមែន គឺរថយន្តរបស់ វៀន ថាញ់ហុង រួមជាមួយអ្នករួមដំណើរ២នាក់ទៀត មានឈ្មោះ ផាម មីងសាង អាយុ ២៧ឆ្នាំ និងក្មេងជំទង់ម្នាក់អាយុ ១៥ឆ្នាំ បានបង្ហាញខ្លួន តែអ្វីដែលនឹកស្មានមិនដល់នោះ គឺតៃកុងរថយន្តខាងលើ បានសម្រេចចិត្តបើកបំបុករថយន្តស្ទាក់ផ្លូវរបស់ប៉ូលិស ដែលដាក់ស្ទាក់ទទឹកថ្នល់ បណ្ដាលឲ្យបោកទៅលើអនុសេនីយ៍ឯកម្នាក់ឈ្មោះ ង្វៀន ឌឹកញ៉ា ខ្ទាតចម្ងាយ ១០ម៉ែត្រ រងរបួសបាក់ឆ្អឹងជំនី២ និងរបួសជាច្រើនកន្លែងទៀត ។ 

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយរកឃើញថា មានផ្ទុកសារធាតុញៀន ចំណែកលោកអនុសេនីយ៍ឯកដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលស្ថានភាពធ្ងន់ធ្ងរ និងស្ថិតក្នុងតំណាក់កាលតាមដានលម្អិត ៕

សហការី KBN

ប្រភព៖ vietnamnet